បាត់ដំបង៖ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលមានជីវភាពខ្វះខាត ព្រមទាំងបន្តសកម្មភាពការងារតាមមូលដ្ឋានភូមិទាំង៨ ក្នុងឃុំបាយដំរាំ។
ក្នុងឱកាសចុះមូលដ្ឋាននេះ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ និងក្រុមការងារ បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ការឧបត្ថម្ភជូនគ្រួសារក្រីក្រចំនួន ២គ្រួសារ ដែលរស់នៅភូមិស្ដៅ និងភូមិក្រឡាពាស ដោយបានយកចិត្តទុកដាក់លើតម្រូវការជាក់ស្តែង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្រាប់គ្រួសារក្រីក្រនៅភូមិក្រឡាពាស ក្រុមការងារបានជួយជួសជុលផ្ទះ ផ្តល់សូឡាចំនួន១ឈុត ពាងទឹកចំនួន១ តភ្ជាប់បណ្តាញទឹកស្អាត និងរៀបចំបន្ទប់ទឹក ដើម្បីរួមចំណែកកែលម្អលក្ខខណ្ឌរស់នៅ អនាម័យ និងសុខុមាលភាពរបស់គ្រួសារ។ សកម្មភាពនេះមានទឹកប្រាក់ចំណាយសរុបចំនួន ១,៦៦៦,០០០រៀល។
ជាមួយគ្នានេះ ក្រុមការងារបានផ្តល់ថវិកាជូនគ្រួសារក្រីក្រនៅភូមិស្ដៅ និងភូមិក្រឡាពាសចំនួន ២០០,០០០រៀល ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគចំនួន២ឈុត ជូនគ្រួសារចំនួន២ មានតម្លៃសរុប ៣៥៨,០០០រៀល និងឧបត្ថម្ភកង់ចំនួន២គ្រឿង មានតម្លៃសរុប ៤៤០,០០០រៀល។
ដោយឡែក ក្នុងវិស័យអប់រំ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ និងក្រុមការងារ បានអញ្ជើញចូលរួមចែកវិញ្ញាបនបត្រជូនសិស្សដែលបានបញ្ចប់ការសិក្សាជំនាញកុំព្យូទ័ររដ្ឋបាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបាយដំរាំ ចំនួន ៦០នាក់ ក្នុងនោះសិស្សស្រីចំនួន ៤០នាក់។ សិស្សទាំង៦០នាក់ ក៏ទទួលបានការឧបត្ថម្ភថវិកាសរុបចំនួន ៦០០,០០០រៀល។
បន្ថែមពីនេះ ក្រុមការងារបានបន្តចុះលើកស្លាកគណបក្សប្រជាជនកម្ពុជាតាមបណ្តាភូមិទាំង៨ ក្នុងឃុំបាយដំរាំ ដោយបានរៀបចំស្លាកទាំងធំ និងតូចចំនួន ២០ស្លាក ដែលមានចំណាយសរុបចំនួន ៤៣០ដុល្លារអាមេរិក។ សកម្មភាពចុះមូលដ្ឋាននាពេលនេះ ក៏មានការឧបត្ថម្ភជូនលោកមេឃុំចំនួន ១០០,០០០រៀល និងឧបត្ថម្ភអ្នកសារព័ត៌មានចំនួន ៤០០,០០០រៀល ផងដែរ។
សរុបថវិកាចំណាយសម្រាប់សកម្មភាពទាំងមូល មានចំនួន ៣,៧៦៤,០០០រៀល (បីលានប្រាំពីររយហុកសិបបួនពាន់រៀលគត់) និង ៤៣០ដុល្លារអាមេរិក (បួនរយសាមសិបដុល្លារអាមេរិកគត់)។
សកម្មភាពខាងលើបានផ្តោតសំខាន់លើការយកចិត្តទុកដាក់ចំពោះជីវភាពប្រជាពលរដ្ឋក្រីក្រ ការលើកកម្ពស់ការអប់រំ និងការបណ្តុះបណ្តាលជំនាញ ព្រមទាំងការបន្តការងារចុះជួយពលរដ្ឋតាមមូលដ្ឋាន!


