ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក គង់ សំនៀង ទីប្រឹក្សាសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា តំណាង ឯកឧត្តមបណ្ឌិត ហុង លីម សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា នៅស្នាក់កណ្ដាល ប.ស.ស. រាជាធានីភ្នំពេញ។
ក្នុងជំនួបសម្ដែងការគួរសមនោះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានជម្រាបជូនពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម នីតិវិធីនៃការបង់ភាគទាន កាតព្វកិច្ចការចុះបញ្ជិកា ព្រមទាំងយន្តការនៃការចុះអធិការកិច្ច ដើម្បីធានាបាននូវអនុលោមភាព និងទទួលបានការគាំពារពី ប.ស.ស. សម្រាប់បុគ្គលិកអប់រំដែលបម្រើការងារក្នុងវិស័យក្នុងឯកជន ឱ្យកាន់តែមានប្រសិទ្ធភាព។
ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. ក៏បានសម្តែងនូវឆន្ទៈ ក្នុងការសហការជាមួយសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា តាមរយៈការសម្របសម្រួលជួយដោះស្រាយបញ្ហាប្រឈម និងការផ្តល់សេវា ប.ស.ស. ដល់សមាជិកនៃសមាគម ក្នុងន័យការពារផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់។
ជាមួយគ្នានេះ លោក គង់ សំនៀង ទីប្រឹក្សាសមាគម ក៏បានសម្តែងនូវការកោតសរសើរ ចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់ ប.ស.ស. នៅទូទាំងប្រទេស ជាពិសេសគឺគុណភាពនៃការផ្តល់សេវានៅតាមមន្ទីរពេទ្យដៃគូ ប.ស.ស. ដែលក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ និងការផ្តល់សេវាជូនដល់សមាជិក ប.ស.ស. លឿន រហ័ស ប្រកបដោយការទទួលខុសត្រូវខ្ពស់។
នៅចុងបញ្ចប់ លោកទីប្រឹក្សាសមាគម បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ប.ស.ស. ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីជួបពិភាក្សាផ្លាស់ប្តូរយោបល់ និងឆ្លើយតបនូវរាល់ចម្ងល់នានា ប្រកបដោយភាពស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់ ៕


