ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានផ្ញើសារលិខិតជូនពរគោរពជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងឱកាសខួបចម្រើនជន្មាយុ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ។
សារលិខិតគោរពជូនពររបស់ឯកឧត្តម សុខ សូកេន មានខ្លឹមសារដូចតទៅ៖ «ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាចម្រើនជន្មាយុរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ និងភរិយា សូមសម្តែងនូវអំណរសាទរពោរពេញដោយមនោសញ្ចេតនាគោរពស្រឡាញ់ យ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ដែលបានយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី បទពិសោធប្រកបដោយភាពឈ្លាសវៃក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងការដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខនិងសុវត្ថិភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីជាឧត្តមប្រយោជន៍ “ជាតិ សាសនា ព្រះមហាក្សត្រ”។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី និងបុណ្យបារមីទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមអភិបាលប្រោះព្រំសព្ទសាធុការពរគ្រប់ប្រការជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមសមប្រកបនឹងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា» ៕



