ភ្នំពេញ៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានកិត្តិយសក្លឹបកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាស្ថានខ្មែរជំនាន់ថ្មី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានអញ្ជើញសួរសុខទុក្ខ កញ្ញា ម៉ម សុភក្តិ ដែលជានិស្សិត និងជាបុគ្គលិកនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ខណៈកំពុងសម្រាកព្យាបាលជំងឺគ្រុនឈាម។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការលើកទឹកចិត្តពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់យុវជន សិស្ស និស្សិត និងសមាជិកគ្រួសារកាកបាទក្រហមកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។
ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ក៏បានសាកសួរអំពីស្ថានភាពសុខភាព និងការព្យាបាល ព្រមទាំងបានលើកទឹកចិត្តឱ្យកញ្ញា ម៉ម សុភក្តិ រក្សាស្មារតីឱ្យបានរឹងមាំ បន្តសម្រាកព្យាបាលឱ្យបានគ្រប់គ្រាន់ អនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន ដើម្បីឆាប់ជាសះស្បើយ មានសុខភាពរឹងមាំ និងអាចវិលត្រឡប់មកបំពេញការងារ ព្រមទាំងបន្តការសិក្សាវិញក្នុងពេលឆាប់ៗ។
ដើម្បីចូលរួមសម្រាលបន្ទុកលើការចំណាយក្នុងការព្យាបាល ក្លឹបកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានឧបត្ថម្ភថវិកាចំនួន ៤០០,០០០ (បួនសែន) រៀល ជូនដល់កញ្ញា ម៉ម សុភក្តិ ជាការលើកទឹកចិត្ត និងចូលរួមជួយសម្រួលដល់ការចំណាយក្នុងអំឡុងពេលសម្រាកព្យាបាល។
ការសួរសុខទុក្ខ និងការឧបត្ថម្ភនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ស្មារតីមនុស្សធម៌ និងការចែករំលែកក្តីស្រឡាញ់រវាងថ្នាក់ដឹកនាំ បុគ្គលិក និងនិស្សិតនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលតែងតែរួមសុខរួមទុក្ខ និងគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។
សកម្មភាពនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្លឹបកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាស្ថានខ្មែរជំនាន់ថ្មី ក្នុងការលើកកម្ពស់តម្លៃមនុស្សធម៌ សាមគ្គីភាព និងវប្បធម៌នៃការចែករំលែក ស្របតាមគោលការណ៍របស់កាកបាទក្រហមកម្ពុជា និងស្មារតីរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ៕


