ក្រចេះ៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយមានការអនុញ្ញាតពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមការងារបច្ចេកទេសក្រសួង, ក្រុមហ៊ុនសាងសង់, ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធ ដឹកនាំដោយឯកឧត្ដម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យលម្អិត ផ្ទៀងផ្ទាត់គម្រោង ដើម្បីធ្វើពិធីប្រគល់-ទទួលសមិទ្ធផលដ៏មានសារៈសំខាន់នេះ។
ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ តភ្ជាប់រវាងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ មានប្រវែង ១.៧៦១ម៉ែត្រ, ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងជាង ៣៣គីឡូម៉ែត្រ។
គម្រោងនេះ មានចំណុចចាប់ផ្ដើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដែលជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៦២ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៧១ ផ្លូវជាតិលេខ៧១C ផ្លូវខេត្តលេខ៣៧១ ផ្លូវខេត្តលេខ៧៣ ផ្លូវខេត្តលេខ៧៦ និងផ្លូវជាតិលេខ៧៨។
ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលចិន ដោយបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា" នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន។
សមិទ្ធផលនេះ ក៏ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជុំជនតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ នៃបណ្តាខេត្តដ៏ទៃទៀត ៕















