កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានធ្វើការជំរុញ និងលើកទឹកចិត្តទៅដល់មន្ទីរជំនាញ និងប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋានក្រុងស្រុកឱ្យនាំគ្នាដាំដើមឈើឡើងវិញដើម្បីបរិស្ថានទេសចរនិងកម្ពុជាបៃតង។
ការជំរុញលើកទឹកចិត្តនេះធ្វើឡើងក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៦នៅវត្តសំពៅ ភូមិសំពៅ សង្កាត់និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថាការដាំដើមឈើឡើងវិញ ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍន៍ទេសចរណ៍បៃតងនៅកម្ពុជា តាមរយៈការជំរុញសកម្មភាពដាំដើមឈើឱ្យក្លាយជាផលិតផលទេសចរណ៍ថ្មីមួយបន្ថែមទៀតប្រកបដោយភាពទាក់ទាញ ហើយពិធីដាំដើមឈើនេះនឹងចូលរួមលើកកម្ពស់សោភណ្ឌភាព និងបរិស្ថាននៅក្នុងខេត្តកំពង់ស្ពឺឱ្យកាន់តែមានសភាពស្រស់បំព្រង។
ឯកឧត្តមបណ្ឌិត បានបន្តថា ដាំដើមឈើឡើងវិញគឺជាគន្លឹះក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងធានាបាននូវកម្ពុជាបៃតង ប្រកបដោយចីរភាព។ការណ៍នេះ មិនត្រឹមតែជួយបង្កើតគម្របព្រៃឈើ និងទាក់ទាញភ្ញៀវទេសចរតាមរយៈទេសភាពធម្មជាតិដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតខ្យល់អាកាសបរិសុទ្ធ ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការពារប្រព័ន្ធអេកូឡូស៊ីផងដែរ។
ដើមឈើស្រូបយកឧស្ម័នកាបូនិកពីបរិយាកាស បញ្ចេញអុកស៊ីសែន គ្រប់គ្រងសីតុណ្ហភាព ការពារប្រភពទឹក កាត់បន្ថយការហូរច្រោះដី និងផ្តល់ជម្រកដល់សត្វព្រៃ។ហើយដើមឈើនីមួយៗដែលបានដាំនៅថ្ងៃនេះគឺជាការវិនិយោគសម្រាប់បរិស្ថានដ៏មានសុខភាពល្អនៅថ្ងៃស្អែក។
ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានណែនាំផងដែរទៅដល់ស្ថាប័ន មន្ទីរជំនាញកសិកម្មនិងបរិស្ថានត្រូវពិនិត្យមើលនូវផ្លូវអាទិភាពសំខាន់ៗដែលឆ្ពោះទៅកាន់ទីរមណីយដ្ឋានទាំងអស់ក្នុងខេត្ត ត្រូវដាំដើមឈើលំអរអមសងខាងផ្លូវ ដើម្បីបង្កើនភាពបៃតងគ្រប់រដូវកាល។
សូមបញ្ជាក់ថា នៅក្នុងពិធីរុក្ខទិវា អភិបាលខេត្តកំពង់ស្ពឺក៏បានប្រគល់និងចែកកូនឈើចំរុះប្រមាណជាង៨ពាន់ដើមមានកូនឈើរយៈពេលវែងដូចជា ក្រញូង ធ្នង់ បេង ត្នោត និងកូនឈើលំអរជូនដល់បងប្អូនប្រជាពលរដ្ឋយកទៅដាំនៅក្នុងភូមិឋាននិងមូលដ្ឋានរស់នៅផងដែរធ្វើយ៉ាងណាអនុវត្តឱ្យបាននូវទិសស្លោករបស់រាជរដ្ឋាភិបាល មនុស្សម្នាក់ ដើមឈើមួយដើម ៕





















