អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុវជនត្រូវធ្វើជាគំរូល្អលើបណ្ដាញសង្គម ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុវជនត្រូវធ្វើជាគំរូល្អលើបណ្ដាញសង្គម ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ


‎សៀមរាប៖
ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យសាធារណជន ជាពិសេសយុវជនបង្កើនការទទួលខុសត្រូវ និងធ្វើជាគំរូល្អលើបណ្តាញសង្គម ដើម្បីចូលរួមលើកកម្ពស់សន្តិសុខ និងស្ថិរភាពសង្គម ព្រមទាំងការពារខ្លួនពីហានិភ័យនៃព័ត៌មានក្លែងក្លាយទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
‎  
ការជំរុញនេះត្រូវបានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តសៀមរាប នៅវិទ្យាល័យបន្ទាយស្រី ឃុំព្រះដាក់ ស្រុកបន្ទាយស្រី នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ ពិធីនេះមានការចូលរួមពីសំណាក់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាងរដ្ឋបាលស្រុកបន្ទាយស្រី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១,០០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់យុវជនទូទាំងប្រទេស ជាពិសេសសិស្សានុសិស្សនៅតាមវិទ្យាល័យ និងអនុវិទ្យាល័យ ឱ្យប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដោយការទទួលខុសត្រូវ។ ឯកឧត្តមបានសង្កត់ធ្ងន់លើការចេះបែងចែករវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ហើយត្រូវជៀសវាងការចែកចាយបន្តនូវព័ត៌មានក្លែងក្លាយទាំងនោះ ដើម្បីរួមចំណែកបន្សល់ទុកនូវគំរូល្អក្នុងការចែករំលែកតែព័ត៌មានពិត ដែលជាកត្តាចូលរួមដល់ការអភិវឌ្ឍសង្គមជាតិ។
ឯកឧត្តមអំពាវនាវដូច្នេះថា៖ «សិស្សានុសិស្សរបស់យើង ដែលមានវត្តមានយ៉ាងច្រើនក្នុងបណ្តាញទំនាក់ទំនងសង្គម ត្រូវចូលរួមប្រើប្រាស់បណ្តាញទាំងនេះប្រកបដោយការទទួលខុសត្រូវ។ ខ្ញុំចង់ឱ្យសិស្សទាំងអស់គ្នា បន្សល់ទុកនូវគំរូល្អតាមរយៈការចែករំលែកព័ត៌មានមានប្រយោជន៍ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម ក៏ដូចជាបង្កើនចំណេះដឹងសម្រាប់ខ្លួនឯង និងក្មេងជំនាន់ក្រោយ»។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» របស់ក្រសួងព័ត៌មាន។ លោកបានសង្កត់ធ្ងន់ថា ការលើកកម្ពស់ចំណេះដឹងឌីជីថលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ចំណេះដឹងដល់សិស្សានុសិស្សទាំងនៅទីក្រុង និងជនបទ។

សិស្សវិទ្យាល័យបន្ទាយស្រីប្រមាណ ១,០០០នាក់ បានបង្ហាញការគាំទ្រ និងសន្យាថា នឹងប្រើប្រាស់បណ្តាញសង្គមឱ្យមានប្រយោជន៍សម្រាប់ការសិក្សា និងមិនចែកចាយព័ត៌មានមិនច្បាស់លាស់ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមឡើយ។

គួរជម្រាបជូនថា បច្ចុប្បន្នប្រជាជនកម្ពុជាជាង ១៧លាននាក់ មានយុវវ័យចំនួនប្រមាណ ៥៩ភាគរយប្រើប្រាស់បណ្តាញសង្គម Facebook ខណៈក្រុមយុវវ័យជំនាន់ Gen Z (អាយុ ១៤-២៩ឆ្នាំ) ជាង ៣០ភាគរយ និយមប្រើប្រាស់ TikTok។ ដូច្នេះ ការចូលរួមរបស់ពួកគេជាឃោសនិក ឬអ្នកផ្សព្វផ្សាយព័ត៌មានពិត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការការពារសហគមន៍ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ៕









Previous Post Next Post