ភ្នំពេញ៖ ជនបរទេសសរុបចំនួន ៥៥នាក់ មាន ៧សញ្ជាតិផ្សេងគ្នាត្រូវបានកម្លាំង នៃគណៈអភិបាលរាជធានីភ្នំពេញឃាត់ខ្លួន ក្នុងនោះមាន ៤៤នាក់ ត្រូវបានរកឃើញថា គ្មានលិខិតឆ្លងដែន និងលើសទិដ្ឋាការ និងជនជាតិវៀតណាម ១១នាក់ (ស្រី្ត ៣នាក់) មានជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ការឃាត់ខ្លួនជនបរទេសខាងលើនេះធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅខុនដូរ ZHUOYUFENG អគារលេខ៥២៤ ផ្លូវបេតុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ ពីលោក សេង ហៀង និងលោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញសម្ភារៈបច្ចេកទេសជាច្រើនដែលបម្រើឱ្យសកម្មភាពឆបោករួមមាន៖ កុំព្យូទ័រយួរដៃ ១៤គ្រឿង, ទូរសព្ទដៃ ៦គ្រឿង និងគ្រឿងញៀនចម្រុះមានទម្ងន់សរុបប្រហែល ១០គីឡូក្រាម។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា ក្រុមនេះ ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានគោលដៅប្រទេសវៀតណាម ក្រោមរូបភាពអូសទាញឱ្យជនរងគ្រោះដាក់ប្រាក់ក្នុង Website ទិញទំនិញ ដើម្បីក្លាយជាសមាជិក VIP ហើយសន្យាថា នឹងទទួលបានប្រាក់ចំណេញច្រើន។
បច្ចុប្បន្នទាំងមនុស្សនិងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។
ច្បាប់នេះមាន ៥ជំពូក និង ២៤មាត្រា។ ជាមួយច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ ត្រូវបានបង្កើតឡើងដើម្បីធានាដល់ប្រសិទ្ធភាពក្នុងករ អនុវត្ត គឺរួមមាន៖ ១-បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ២-បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ៣-បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា, ៤-បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥-ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោសជនល្មើស ត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់ ១ជីវិត និងពិន័យជាប្រាក់ដល់ទៅ ១.០០០លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើស ផងដែរ ៕










