កែប៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានដឹកនាំសមាសភាពពាក់ព័ន្ធរួមមាន អភិបាលរងខេត្តទទួលបន្ទុក ឯកឧត្តមប្រធានសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុង ស្រុក លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធ ចូលរួមក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធកម្មវិធី Zoom នៅសាលប្រជុំក្រុមប្រឹក្សាខេត្តកែប។
ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ដ៏មានសារសំខាន់នេះផងដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ក៏បានធ្វើរបាយការណ៍អំពីស្ថានភាពខេត្តកែប និងវឌ្ឍនភាពលទ្ធផលការងារបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាពេលកន្លងមកនៅក្នុងភូមិសាស្រ្តខេត្តកែប ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលខ្ពស់។
តាមរយៈរបាយការណ៍វឌ្ឍនភាពលទ្ធផការងារ និងសកម្មភាពនាពេលកន្លងមក ក៏ដូចជាផែនការសកម្មភាពសម្រាប់អនុវត្តបន្តរបស់ឯកឧត្តមអភិបាលខេត្តកែប ត្រូវបានឯកឧត្តមអភិសន្តិបណ្ដិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កោតសរសើរ វាយតម្លៃខ្ពស់ និងលើកទឹកចិត្តឲ្យបន្តសកម្មភាពឲ្យដូចភ្លើងរលឹមជាបន្តទៀតស្របតាមច្បាប់ អនុក្រឹត្យ បញ្ជា ក៏ដូចជាសេចក្តីណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕












