ព្រះសីហនុ៖ ក្នុងកិច្ចប្រតិបត្តិការរឹតបន្តឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រះសីហនុបានបើកយុទ្ធនាការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ជាបន្តបន្ទាប់។
យោងតាមរបាយការណ៍វឌ្ឍនភាពការងារអនុវត្តអនុក្រឹត្យលេខ០៣ កាលពី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរបានរកឃើញ និងបង្ក្រាបបទល្មើស Online Scams នៅចំនួន ៣ទីតាំង ក្នុងចំណោមទីតាំងដែលបានត្រួតពិនិត្យសរុប ១៧កន្លែង។
កិច្ចប្រតិបត្តិការបង្ក្រាបតាមទីតាំងនីមួយៗរួមមាន៖
ទីតាំងទី១៖ នៅចំណុចផ្ទះជួលរបស់ឈ្មោះ យស់ សាវ៉ាត ស្ថិតក្នុងភូមិថ្មធំ សង្កាត់រាម ក្រុងកំពង់សោម។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ និងដកហូតកុំព្យូទ័រលើតុ ៤គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង និងទូរសព្ទដៃ ៣៨គ្រឿង។
ទីតាំងទី២៖ នៅចំណុចបឹងហ្គាឡូ ស្ថិតក្នុងភូមិរាម សង្កាត់រាម ក្រុងកំពង់សោម ឃាត់ខ្លួនជនបរទេសសរុបចំនួន ៣៦នាក់ រួមជាមួយសម្ភារៈសង្ស័យជាច្រើនរួមមាន កុំព្យូទ័រលើតុ ១៨គ្រឿង និងទូរសព្ទដៃ ៧២គ្រឿង។
ទីតាំងទី៣៖ នៅផ្ទះវីឡាជួល ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនចំនួន ៥នាក់ និងដកហូតកុំព្យូទ័រលើតុ ១៣គ្រឿង ព្រមទាំងទូរសព្ទដៃ ៧គ្រឿង។
បច្ចុប្បន្ន មនុស្សសរុបចំនួន ៤៥នាក់ និងវត្ថុតាងជាសម្ភារៈបច្ចេកវិទ្យាជាច្រើនគ្រឿង ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។
គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ចំនួនទីតាំងដែលត្រូវបានបង្ក្រាបពាក់ព័ន្ធនឹងបទល្មើសអនឡាញ (Online Scams) ក្នុងខេត្តព្រះសីហនុ បានកើនឡើងដល់ ៣២ទីតាំងហើយ។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។
ច្បាប់នេះមាន ៥ជំពូក និង ២៤មាត្រា។ ជាមួយច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ ត្រូវបានបង្កើតឡើងដើម្បីធានាដល់ប្រសិទ្ធភាពក្នុងករ អនុវត្ត គឺរួមមាន៖ ១-បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ២-បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ៣-បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា, ៤-បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥-ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោសជនល្មើស ត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់ ១ជីវិត និងពិន័យជាប្រាក់ដល់ទៅ ១.០០០លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើស ផងដែរ ៕













