ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០២ព្រះវស្សា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅមហាកុដិ វត្តបទុមវតីរាជវរារាម ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងវរោកាសនៃការប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សានោះ ក៏មានការប្រារព្ធពិធីមហាសង្ឃទានបច្ច័យបួន ដោយមានការវេរទិឃាយុវឌ្ឍនភត្តប្រគេនព្រះសង្ឃ ចំនួន ៥០០អង្គ ដើម្បីជាការឆ្លើយតបចំពោះគុណូបការៈរបស់សម្តេចជាអម្ចាស់ ក្នុងមួយព្រះជន្ម ទ្រង់បានបូជាអស់ពីកម្លាំងព្រះកាយពល ក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ។
សូមជម្រាបជូនផងដែរថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ទ្រង់ប្រសូតនៅថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំជូត ឆស័ក ព.ស.២៤៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងត្រកូលកសិករ។ ទ្រង់បានចាប់ផ្ដើមចូលសិក្សាអក្សរសាស្ត្រខ្មែរតាំងពីទ្រង់មានព្រះជន្ម ១១ឆ្នាំ និងបានបួសជាសាមណេរក្នុងព្រះជន្ម ១៩ឆ្នាំ នៅសាលាវត្តពោធិ៍ ឃុំពោធិ៍អង្ក្រង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមាន ព្រះតេជព្រះគុណ ព្រំ មាស (ឥន្ទត្ថេរ) ព្រះគ្រូសូធ្យឆ្វេងវត្តពោធិ៍ ជាព្រះឧបជ្ឈាយ៍ដើម ៕













