កំពង់ស្ពឺ៖ នាព្រឹកថ្ងៃអាទិត្យ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងឯកឧត្តម ថេង បញ្ញាធន អនុរដ្ឋលេខាធិការក្រសួងផែនការ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធឆ្លងក្លោងទ្វារ និងបុណ្យផ្កាមហាសាមគ្គី ដើម្បីកសាងទីចាត់ការនៅសាលាអនុវិទ្យាល័យស្រង់ ស្ថិតក្នុងឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ៦០០រូប។
ក្នុងឱកាសនោះ ឯកឧត្តម ថេង បញ្ញាធន បានមានប្រសាសន៍ថា ការសម្ពោធក្លោងទ្វារ និងការរៀបចំបុណ្យផ្កាមហាសាមគ្គីនេះ គឺជាផលនៃសាមគ្គីភាព និងការចូលរួមរួមចំណែកពីគ្រប់មជ្ឈដ្ឋាន ដែលបង្ហាញពីស្មារតីសហការដ៏រឹងមាំរវាងអាជ្ញាធរ មន្ត្រី និងប្រជាពលរដ្ឋក្នុងការកសាងវិស័យអប់រំនៅមូលដ្ឋាន។ ឯកឧត្តមបានលើកទឹកចិត្តឱ្យបន្តរួមគ្នាគាំទ្រការអភិវឌ្ឍសាលារៀន ដោយពិសេសការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានសិក្សា ដើម្បីបង្កើនគុណភាពអប់រំសម្រាប់កុមារ និងយុវជនជំនាន់ក្រោយ។
បន្ទាប់មក ឯកឧត្តម ឈួរ សុបញ្ញា បានថ្លែងសំណេះសំណាល ដោយបាននាំយកការផ្តាំផ្ញើសួសុខទុក្ខ និងសេចក្តីនឹករលឹកពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រគេនព្រះសង្ឃ និងជូនអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់។
ឯកឧត្តមក៏បានលើកឡើងផងដែរអំពីតួនាទីសំខាន់របស់ព្រះពុទ្ធសាសនា ក្នុងការបណ្តុះសីលធម៌ និងបង្កើតមនុស្សល្អសម្រាប់សង្គម ជាពិសេសក្នុងវិស័យអប់រំ ដែលព្រះធម៌បានជួយបណ្តុះចិត្តសប្បុរស សុចរិត និងការគោរពគ្នាទៅវិញទៅមក។ ព្រះពុទ្ធសាសនា មិនត្រឹមតែជាសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋាននៃអរិយធម៌ និងអត្តសញ្ញាណជាតិខ្មែរ។
ក្នុងនោះ ឯកឧត្តម ឈួរ សុបញ្ញា ក៏បានលើកយកនូវខ្លឹមសារព្រះធម៌ជាអង្គនៃបណ្ឌិតដោយបកស្រាយអំពីគោលការណ៍សិក្សាសំខាន់ ៤យ៉ាង “សុ ចិ បុ លិ” ដែលជាគន្លឹះនៃជោគជ័យក្នុងការសិក្សា៖
• សុ (ស្តាប់)៖ សិស្សត្រូវចេះស្តាប់ការបង្រៀនពីលោកគ្រូអ្នកគ្រូ ឬការណែនាំពីមាតាបិតា ដោយយកចិត្តទុកដាក់ (ឧទាហរណ៍៖ ស្តាប់មេរៀនក្នុងថ្នាក់ដោយមិនរំខាន)
• ចិ (គិត)៖ ត្រូវចេះវិភាគ និងពិចារណាអ្វីដែលបានស្តាប់ ដើម្បីយល់អត្ថន័យជាក់លាក់ (ឧទាហរណ៍៖ គិតដោះស្រាយលំហាត់ដោយខ្លួនឯង)
• បុ (សួរ)៖ ត្រូវមានភាពក្លាហានក្នុងការសួរពេលមិនយល់ ដើម្បីបន្ថែមចំណេះដឹង (ឧទាហរណ៍៖ សួរលោកគ្រូពេលមានចម្ងល់)
• លិ (សរសេរ)៖ ត្រូវចេះកត់ត្រា និងអនុវត្តអ្វីដែលបានរៀន ដើម្បីបង្កើនការចងចាំ (ឧទាហរណ៍៖ កត់សង្ខេបមេរៀនប្រចាំថ្ងៃ)។
ការអនុវត្តគោលការណ៍ទាំង៤នេះ នឹងជួយឱ្យសិស្សមានមូលដ្ឋានរឹងមាំទាំងចំណេះដឹង និងសីលធម៌ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គម។
ជាមួយគ្នានេះ ឯកឧត្តមក៏បានសូមអំពាវនាវឱ្យបន្តរួមគ្នាថែរក្សាស្មារតី “ខ្មែរស្រលាញ់ខ្មែរ ខ្មែរខ្លាំង ខ្មែរឈ្នះ” ដោយលើកទឹកចិត្តឱ្យយុវជនមានការជឿជាក់លើខ្លួនឯង សាមគ្គីភាព និងការខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ពិសេសការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលនិងកងទ័ពយើង។
ក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ ដែលខិតជិតមកដល់ ឯកឧត្តមក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋចូលរួមអបអរសាទរដោយគោរពប្រពៃណី វប្បធម៌ជាតិ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងមានទំនួលខុសត្រូវ ដើម្បីធានាថាបុណ្យប្រពៃណីនេះប្រព្រឹត្តទៅដោយសេចក្តីសុខ និងសុវត្ថិភាព។
ជាចុងក្រោយ ឯកឧត្តម ឈួរ សុបញ្ញា បានបន្តអំពាវនាវឱ្យអាជ្ញាធរ មាតាបិតា និងសប្បុរសជនទាំងអស់ បន្តចូលរួមគាំទ្រការកសាងបណ្ណាល័យសាលា ដោយឯកឧត្តមបានចូលរួមជួយឧបត្ថម្ភស៊ីម៉ង់ចំនួន ១០តោន ដើម្បីរួមចំណែកលើកកម្ពស់បរិយាកាសសិក្សា និងបង្កើនឱកាសសម្រាប់សិស្សានុសិស្សក្នុងការទទួលបានចំណេះដឹងយ៉ាងទូលំទូលាយ ៕























