កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តខែឧសភា ឆ្នាំ២០២៦ ដែលរៀបចំដោយគណៈកម្មាធិការបក្សស្រុកសាមគ្គីមុនីជ័យក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក កោសា ប្រធានក្រុមការងារគណបក្សចុះជួយស្រុកសាមគ្គីមុនីជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមការងារគណបក្សចុះជួយស្រុក ព្រមទាំងតំណាងគណៈកម្មាធិការបក្សឃុំទាំង១០ ក្នុងស្រុកសាមគ្គីមុនីជ័យ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារកន្លងមក ពិភាក្សាបញ្ហាប្រឈម និងដាក់ចេញទិសដៅអនុវត្តបន្តឱ្យស្របតាមគោលនយោបាយ និងការណែនាំរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ពិសេសការអនុវត្តយុទ្ធសាស្រ្តដឹកនាំការងារគណបក្សរបស់ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនេះ ឯកឧត្តម ឈួរ សុបញ្ញា បានផ្តល់មតិយោបល់សំខាន់ ដោយផ្តោតលើការងារផ្សព្វផ្សាយ និងចូលរួមសកម្មភាពសង្គម ក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ ដែលកំពុងខិតជិតមកដល់។ ឯកឧត្តមបានលើកឡើងថា ការចូលរួមអបអរសាទរបុណ្យប្រពៃណីជាតិ គួរត្រូវបានអនុវត្តដោយមានទំនួលខុសត្រូវ មានវិន័យ និងគោរពតម្លៃវប្បធម៌ ដោយជៀសវាងអំពើអវិជ្ជមាន និងបញ្ហាសង្គមដែលអាចកើតមានក្នុងអំឡុងពេលបុណ្យ។ ជាពិសេស ឯកឧត្តមបានអំពាវនាវឱ្យអាជ្ញាធរស្រុក និងឃុំទាំងអស់ បន្តចូលរួមយ៉ាងសកម្មក្នុងការរៀបចំ និងគាំទ្រកម្មវិធីអប់រំសីលធម៌សង្គម ដូចជាកម្មវិធីផ្សព្វផ្សាយអំពីវិន័យសាធារណៈ សុវត្ថិភាពចរាចរណ៍ ការគោរពគ្នាទៅវិញទៅមក និងការរក្សាអនាម័យបរិស្ថាន ក្នុងអំឡុងពេលបុណ្យ និងបន្តទៅក្រោយ។
ឯកឧត្តមក៏បានបញ្ជាក់ថា ការងារផ្សព្វផ្សាយមិនមែនគ្រាន់តែជាការផ្តល់ព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតការយល់ដឹង ការផ្លាស់ប្តូរឥរិយាបថ និងការចូលរួមរួមគ្នារបស់សង្គមទាំងមូល ដើម្បីធានាថា បុណ្យចូលឆ្នាំខ្មែរ ក្លាយជាព្រឹត្តិការណ៍ដែលពោរពេញដោយសេចក្តីសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។សម្រាប់ទិសដៅខែឧសភា និងបន្តទៅមុខ អង្គប្រជុំបានឯកភាពលើការផ្តោតអាទិភាពលើ “គុណភាព ជាក់ស្តែង និងប្រសិទ្ធភាព” ដោយធ្វើអ្វីឱ្យឃើញជាក់ស្តែង ធ្វើអ្វីឱ្យប្រជាជនទទួលបាន និងធ្វើអ្វីឱ្យគណបក្សកាន់តែរឹងមាំនៅមូលដ្ឋាន។
ឯកឧត្តមបណ្ឌិត អ៊ុក កោសា បានមានប្រសាសន៍ណែនាំ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលគណៈកម្មាធិការបក្សស្រុក ក្រុមការងារចុះជួយស្រុក និងគណៈកម្មាធិការបក្សឃុំទាំង១០ បានអនុវត្តសម្រេចបានក្នុងរយៈពេលកន្លងមក ទោះបីប្រឈមនឹងបញ្ហាប្រឈមមួយចំនួនក្តី ក៏នៅតែសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្រោមស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងការខិតខំប្រឹងប្រែងខ្ពស់។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតបានលើកទិសដៅសំខាន់ៗសម្រាប់ការអនុវត្តបន្តខែឧសភា ឆ្នាំ២០២៦ ដោយផ្តោតលើការពង្រឹងតួនាទីដឹកនាំគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ការចុះជិតមូលដ្ឋាន ស្តាប់យោបល់ និងដោះស្រាយបញ្ហាជាក់ស្តែងរបស់ប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ព្រមទាំងបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយឱ្យមានលទ្ធផលជាក់ស្តែង។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតប្រធានអង្គប្រជុំ ក៏បានអំពាវនាវឱ្យសមាជិកគណៈកម្មាធិការបក្ស និងក្រុមការងារទាំងអស់ បន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពវិន័យ និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំ ដើម្បីធានាបាននូវស្ថិរភាពនយោបាយ ការអភិវឌ្ឍមូលដ្ឋាន និងការបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕














