ក្រសួងព័ត៌មាន និងអង្គការដៃគូអន្តរជាតិសហការរៀបចំ "គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន" ដើម្បីការពារសិទ្ធិកុមារ ស្ត្រី និងជនងាយរងគ្រោះ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងព័ត៌មាន និងអង្គការដៃគូអន្តរជាតិសហការរៀបចំ "គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន" ដើម្បីការពារសិទ្ធិកុមារ ស្ត្រី និងជនងាយរងគ្រោះ


ភ្នំពេញ៖
នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងព័ត៌មាន បានរៀបចំកិច្ចប្រជុំមួយជាមួយតំណាងអង្គការអន្តរជាតិជាដៃគូ ដើម្បីពិភាក្សាលើក្របខណ្ឌនៃកិច្ចសហការរៀបចំ “គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន” សំដៅធានាការលើកកម្ពស់និងការពារសិទ្ធិកុមារ ស្ត្រី និងក្រុមជនងាយរងគ្រោះនៅកម្ពុជា។ នេះជាគំនិតផ្ដួចផ្ដើមមួយទៀត ក្រោមការសម្របសម្រួលរបស់ក្រសួងព័ត៌មាន ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ជាពិសេសការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងប្រសិទ្ធភាពការងាររបស់អ្នកសារព័ត៌មានឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត ក្នុងក្របខណ្ឌច្បាប់ និងស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា ដែលក្រសួងបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ គោលដៅចម្បងគឺការបង្កើតនូវវិធានជាក់លាក់ និងយន្តការសហការរវាងក្រសួង និងក្រុមបណ្តាញអង្គការ ដើម្បីធានាថាការរាយការណ៍ព័ត៌មានក្នុងសម័យឌីជីថល មិនបង្កផលប៉ះពាល់ដល់សិទ្ធិបុគ្គល និងគុណតម្លៃសង្គមឡើយ។

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធ ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ និងតំណាងអង្គការអន្តរជាតិដៃគូមកពីអង្គការ Plan International Cambodia, អង្គការ Save the Children Cambodia, អង្គការ World Vision International, អង្គការ UNICEF Cambodia និងអង្គការ Care។ កិច្ចប្រជុំបានផ្តោតការពិភាក្សាលើការបង្កើតក្របខណ្ឌនៃកិច្ចសហការ និងយន្តការជាក់លាក់សម្រាប់គាំទ្រដល់ដំណើរការនៃការរៀបចំគោលការណ៍ណែនាំ។

ឯកឧត្តមអ្នកនាំពាក្យ បានចាត់ទុកថា ការរៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាននេះ ជាការបន្តកិច្ចខិតខំប្រឹងប្រែងនៅក្នុងក្របខណ្ឌនៃបេសកកម្មក្នុងអាណត្តិទី៧របស់ក្រសួងព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងនោះរាប់បញ្ចូលទាំងការបន្តលើកកម្ពស់ភាពជាដៃគូជាមួយគ្រប់តួអង្គទាំងអស់នៅក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ សំដៅអភិវឌ្ឍ ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។

ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានក៏បានឆ្លៀតឱកាសនោះ ដើម្បីអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ត្រូវចូលរួមគោរពក្រមសីលធម៌ កុំផ្សព្វផ្សាយនូវព័ត៌មានណា ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ហើយតាមរយៈការរាយការណ៍ព័ត៌មាន ត្រូវចូលរួមសកម្មក្នុងការការពារសិទ្ធិកុមារ ស្ត្រី និងក្រុមជនងាយរងគ្រោះនៅកម្ពុជា។ ការរៀបចំគោលការណ៍ណែនាំបន្ថែមនេះ នឹងជួយដល់អ្នកសារព័ត៌មានក្នុងការអនុវត្តការងារប្រចាំថ្ងៃ ធានាការផ្សាយព័ត៌មានដោយសុក្រិត ត្រឹមត្រូវ ជាមួយការទទួលខុសត្រូវ ពិសេសពេលរាយការណ៍អំពីកុមារ ស្ត្រី និងជនងាយរងគ្រោះ។

ឯកឧត្តមបានវាយតម្លៃថា ការសហការរវាងក្រសួងព័ត៌មាន និងក្រុមបណ្តាញអង្គការមិនមែនរដ្ឋាភិបាល នេះ ជាការបោះជំហានថ្មីមួយទៀត ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា។ វានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនជំនឿចិត្តរបស់ប្រជាពលរដ្ឋមកលើសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសការធានានូវការការពារសិទ្ធិបុគ្គល និងសន្តិសុខព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕













Previous Post Next Post