ឯកឧត្តម ឈួរ សុបញ្ញា៖ សាមគ្គីភាពអន្តរសាសនាក្នុងតំបន់អាស៊ាន គឺជាកម្លាំងដ៏ធំបំផុតរបស់យើងក្នុងការរក្សាបាននូវសុខដុមរមនាសង្គម និងសន្តិភាពរួមរបស់តំបន់និងពិភពលោក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញា៖ សាមគ្គីភាពអន្តរសាសនាក្នុងតំបន់អាស៊ាន គឺជាកម្លាំងដ៏ធំបំផុតរបស់យើងក្នុងការរក្សាបាននូវសុខដុមរមនាសង្គម និងសន្តិភាពរួមរបស់តំបន់និងពិភពលោក


ភ្នំពេញ៖
ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សក្រសួងធម្មការ និងសាសនា បានត្រូវអញ្ជើញក្នុងនាមជាអ្នកជំនាញក្នុងការចូលរួមកិច្ចប្រជុំអ្នកជំនាញជំនាន់ថ្មីរបស់អាស៊ាន-ជប៉ុន ផ្នែកអន្តរសាសនា រយៈពេល ១០ ថ្ងៃ ក្រោមប្រធានបទ «ការជម្នះភាពបែងចែកសង្គម តាមរយៈសាសនា ក្នុងក្របខណ្ឌកិច្ចពិភាក្សាអន្តរសាសនា ជប៉ុន-អាស៊ាន» ដែលរៀបចំដោយមូលនិធិ Japan Foundation នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ 

ថ្លែងក្នុងឱកាសនោះ ក្នុងនាមជាតំណាងប្រទេសកម្ពុជា ដែលមានការគោរពបដិបត្តិព្រះពុទ្ធសសនាជាសាសនារបស់រដ្ឋនោះ ឯកឧត្តមមានមោទនភាពយ៉ាងខ្លាំងដែលបានត្រូវបានអញ្ជើញចូលរួមនិងថ្លែងចែករំលែកនូវបទពិសោធន៍តួនាទីសាសនានៅកម្ពុជាជាមួយអ្នកជំនាញតំណាងពីបណ្តាប្រទេសអាស៊ាន និងប្រទេសជប៉ុន ដើម្បីពិភាក្សាលើតួនាទីសាសនាក្នុងការលើកកម្ពស់សន្តិភាព សាមគ្គីភាពសង្គម និងការអភិវឌ្ឍប្រកបដោយភាពរួមបញ្ចូលដោយមិនបោះបង់នរណាម្នាក់ចោល (No One Left Behind)។

ក្នុងដំណើរការនៃកិច្ចពិភាក្សានោះ បានពិភាក្សាពីតួនាទីរបស់សាសនាតាមបណ្តាប្រទេសនីមួយៗ និងក៏បានរំលឹកដល់គោលការណ៍ ហេតុ-បច្ច័យ (paṭicca-samuppāda) ឬភាពអាស្រ័យគ្នាទៅវិញទៅមក ដែលបង្ហាញថា បញ្ហាសង្គម ភាពក្រីក្រ ភាពឯកោ និងការរងគ្រោះក្រោយគ្រោះមហន្តរាយ មានភាពពាក់ព័ន្ធគ្នា។ គ្មានសាសនាណាមួយអាចដោះស្រាយបញ្ហាទាំងនេះតែម្នាក់ឯងបានឡើយ។ វាត្រូវការសាមគ្គីភាពអន្តរសាសនា ការសហការជាមួយសង្គមស៊ីវិល និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីគាំទ្រការកសាងសហគមន៍អាស៊ាន និងការសម្រេចគោលដៅអភិវឌ្ឍន៍ចីរភាព ជាពិសេស SDGs លេខ ១, ៣, ៤, ១០ និង ១៦។

ក្នុងឱកាសនោះ ឯកឧត្តមបានបានចូលរួមថ្លែងចែករំលែកតាមរយៈបទពិសោធន៍របស់កម្ពុជា ការលើកកម្ពស់សន្តិភាពតំបន់ មិនអាចសម្រេចបានតែដោយកិច្ចព្រមព្រៀងនយោបាយ ឬយន្តការសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែត្រូវការមូលដ្ឋានសីលធម៌ និងចិត្តសាស្ត្រសង្គម ដែលសាសនាអាចផ្តល់បានយ៉ាងមានអត្ថន័យ។ សាសនា ជួយបង្កើតសន្តិភាពពីខាងក្នុង នៅក្នុងចិត្តមនុស្ស មុននឹងសន្តិភាពនោះត្រូវបានបម្លែងទៅជាការរួមរស់ដោយសន្តិភាព នៅកម្រិតសហគមន៍ ជាតិ និងតំបន់។ ក្នុងបរិបទអាស៊ាន ដែលមានភាពចម្រុះផ្នែកវប្បធម៌ សាសនា និងអត្តសញ្ញាណ សាសនាមានតួនាទីជាស្ពានភ្ជាប់ចិត្ត និងការយល់ចិត្តគ្នា ជួយកាត់បន្ថយការមិនទុកចិត្ត និងការយល់ច្រឡំ ដែលអាចនាំទៅរកជម្លោះ។ តាមទស្សនៈពុទ្ធសាសនាកម្ពុជា សន្តិភាពមិនមែនជាអវត្តមាននៃជម្លោះទេ ប៉ុន្តែជាសមត្ថភាពក្នុងការគ្រប់គ្រងស្តួនាទីដឹកនាំការអត់ធ្មត់ និងការគោរពគ្នា ទោះបីមានភាពខុសគ្នានៃស្ថានភាពរបបដឹកនាំប្រទេស នយោបាយ និងសាសនាក៏ដោយ។ ប្រវត្តិសាស្ត្រកម្ពុជា ដែលឆ្លងកាត់ការឈឺចាប់ ការស្តារឡើងវិញ និងការផ្សះផ្សា បានបង្កើតវប្បធម៌រស់នៅរួមដោយសន្តិភាព។ ពុទ្ធសាសនានៅកម្ពុជា បានប្រតិបត្តិដោយសុខដុមរមនា និងសន្តិភាព ជាមួយសាសនាអ៊ីស្លាម គ្រីស្ទសាសនា និងជំនឿដើមកំណើត។ វាជាភស្តុតាងនៃគោលការណ៍ «ឯកភាពក្នុងភាពចម្រុះ» របស់អាស៊ាន និងបញ្ជាក់ថា សាមគ្គីភាពកើតចេញពីការគោរពគ្នា និងទំនួលខុសត្រូវសីលធម៌រួម។ 

ឯកឧត្តមបានបន្តទៀតថា ក្នុងនាមជាប្រទេសដែលមានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនោះ តាមទស្សនៈពុទ្ធសាសនាកម្ពុជា សាសនាមិនមែនគ្រាន់តែជាជំនឿ ឬពិធីបុណ្យប៉ុណ្ណោះទេ ប៉ុន្តែជាគោលលទ្ធិក្រមសីលធម៌សង្គម ដែលបង្រៀននិងណែនាំដល់ការរស់នៅរួមគ្នាដោយសុខដុមរមនា ការគោរពគ្នាទៅវិញទៅមក និងទំនួលខុសត្រូវសង្គម។ ទស្សនៈនេះ ស្របគ្នាយ៉ាងជិតស្និទ្ធនឹងចក្ខុវិស័យអាស៊ាន ក្នុងការកសាងសហគមន៍ដែលផ្អែកលើប្រជាជន និងមានភាពរួមបញ្ចូលគ្នា។

ឯកឧត្តមបានបន្តទៀតថា តាមរយៈការចុះដកស្រង់ពិសោធន៍នៅទីក្រុងតូក្យូ សេនដៃ និងអ៊ីស៊ីណូម៉ាគី យើងបានឃើញការសហការរបស់អន្តរសាសនាជាក់ស្តែង ដូចជា ការជួយជនអនាថា ការដោះស្រាយបញ្ហាសពមូស្លីម ការគាំទ្រការអប់រំសម្រាប់សហគមន៍ចំណាកស្រុក និងការថែទាំផ្លូវចិត្ត-ផ្លូវវិញ្ញាណ សម្រាប់កុមារកំព្រា យុវជនងាយរងគ្រោះ និងជនរងគ្រោះពីគ្រោះមហន្តរាយរញ្ជួយដី និងរលកស៊ូណាមិ តូហូគុ។ បទពិសោធន៍ទាំងនេះ បង្ហាញយ៉ាងច្បាស់ពីគំនិត ទុក្ខ (dukkha) ដែលជាសេចក្តីវេទនារួមរបស់មនុស្សជាតិ។ ដើម្បីឆ្លើយតបទៅនឹងទុក្ខ ពុទ្ធសាសនាកម្ពុជា ផ្តោតលើករុណា (karuṇā) — សេចក្តីមេត្តាចំពោះអ្នករងទុក្ខ មេត្តា (mettā) — សេចក្តីស្រឡាញ់ដោយគ្មានការរើសអើង និង ឧបាយ (upāya) — វិធីសាស្ត្រដ៏សមស្រប និងឆ្លាតវៃក្នុងការជួយគ្នា។ គុណតម្លៃទាំងនេះ បញ្ជាក់ថា សាសនាមិនចាំបាច់មានសម្លេងខ្លាំងទេ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅ នៅពេលវាបម្រើមនុស្សជាក់ស្តែង និងថែរក្សាអ្នកដែលស្ថិតនៅគែមសង្គម។

ក្នុងសេចក្តីថ្លែងការបញ្ចប់ តំណាងពីប្រទេសនីមួយៗ បានបង្ហាញសុទិដ្ឋិនិយមប្រកបដោយសេចក្តីសង្ឃឹមថ្មី និងការប្តេជ្ញាចិត្តកាន់តែរឹងមាំ ក្នុងការលើកកម្ពស់សាមគ្គីភាពអន្តរសាសនា ដោយផ្អែកលើភាពទន់ភ្លន់ មេត្តាករុណា និងទំនួលខុសត្រូវសីលធម៌ ដើម្បីរួមចំណែកកសាងអាស៊ានដែលរឹងមាំ មានសន្តិភាព និង មិនបោះបង់នរណាម្នាក់ចោលឡើយ ៕










Previous Post Next Post