ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិត្តិយសនៃគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៥ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវប្រធាន អនុប្រធាន នៃគណៈកម្មការប្រតិបត្តិ លោក លោកស្រី សមាជិកាសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលនូវវឌ្ឍនភាពការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ ព្រមទាំបញ្ហាប្រឈម និងទិសដៅដែលត្រៀមអនុវត្តក្នុងឆ្នាំ២០២៦។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនេះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារនៃសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម ដែលបានបំពេញបេសសកម្មការងារស្នូលជំនាញក្នុងការជួយលើកកម្ពស់វិស័យពាណិជ្ជកម្ម ក៏ដូចការរួបរួមសាមគ្គី ឯកភាពគ្នាជាធ្លុងមួយ ក្នុងការជួយលើកស្ទួយសុខុមាលភាព ជីវភាព និងតួនាទីរបស់ស្រ្តីជាមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានជួបសំណេះសំណាល សួរសុខទុក្ខ ស្តាប់នូវសំណូមពររបស់ថ្នាក់ដឹកនាំ និងសមាជិកាសាខាសមាគមនារីក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើនភាពស្និទ្ធស្នាល និងសាមគ្គីភាព ក៏ដូចជាស្វែងយល់ពីតម្រូវការជារួមរបស់សមាជិការបស់សខា ន.ក.ស.អ ក្រសួងពាណិជ្ជកម្ម។
មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សមាជិកានៃសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងពាណិជ្ជកម្ម ឱ្យបន្តស្មារតីបុរេសកម្មក្នុងការបំពេញភារកិច្ចជំនាញនិងការងារសមាគមនារី ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើស្មារតីរួបរួមសាមគ្គី និងសហការគ្នាជិតស្និទ្ធ ដើម្បីអភិវឌ្ឍខ្លួន ទាំងសមត្ថភាព និងគោលជំហរ ជាពិសេសចូលរួមអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ៕












