ភ្នំពេញ៖ ប្រាសាទព្រះវិហារ (Prasat Preah Vihear) មានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពីអតីកាលមានទីតាំងក្នុងភូមិគ១ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចំណែកពីអតីកាលស្រុកជាំក្សាន្តស្ថិតនៅក្នុងខេត្តកំពង់ធំ។
ប្រាសាទព្រះវិហារជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ។ ប្រាសាទព្រះវិហារស្ថិតនៅជាប់នឹងព្រំប្រទល់ខេត្តស៊ីសាកេត នៃប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រពីសាលាស្រុកជាំក្សាន្ត ១០០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ជាង១៥០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងចម្ងាយប្រមាណ ៤០០គីឡូម៉ែត្រពី រាជធានីភ្នំពេញ។ ប្រាសាទព្រះវិហារ ស្ថិតនៅលើខ្នងភ្នំដងរែក ដែលជាសំណង់ហិណ្ឌូសាសនាដែលសាងសង់ឡើងចន្លោះសតវត្សទី៩ ដល់ទី១១។ តាមរយៈការសិក្សាស្រាវជ្រាវអាចសន្មតថា សំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)។ តាមរយៈសិលាចារឹកលេខ K-៥៨៣ នៅប្រាសាទបាពួន ចារក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៨៤៤-៩៦៨) និយាយថាព្រះអម្ចាស់ឥន្រ្ទាយុទ្ធជាព្រះបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ បានទៅធ្វើតបៈនៅភ្នំលិង្គបព៌ត(ប្រាសាទវត្តភូចំប៉ាសាក់ប្រទេសឡាវ) ហើយបាននាំយកលិង្គព្រះឥសូរពីថ្មលិង្គភ្នំធម្មជាតិ (ស្វយម្ភូលិង្គ) មកតម្កល់នៅលើភ្នំព្រះវិហារក្នុងព្រះនាមអាទិទេព ព្រះស្រីសិខរីស្វរៈ ដែលមានន័យថាអាទិទេពនៃកំពូលភ្នំ។ ស្រីសិខរីស្វរៈនេះហើយដែលហៅចំពោះលិង្គព្រះឥសូរតម្កល់នៅប្រាសាទព្រះវិហារ និងជាឈ្មោះប្រាសាទព្រះវិហារសម័យបុរាណផង។ ប្រាសាទព្រះវិហារសាងសង់សម្រាប់ឧទ្ទិសចំពោះព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍។ ព្រះមហាក្សត្រខ្មែរដែលកសាងប្រាសាទព្រះវិហារមានដូចជា៖ ព្រះអង្គម្ចាស់ឥន្រ្ទាយុទ្ធបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០), ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩០០), ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨), ព្រះបាទសូរ្យវរ្ម័នទី១ (១០០២ -១០៥០), ព្រះបាទទ័យទិត្យវរ្ម័នទី១ (១០៥៦-១០៦០), ព្រះបាទហស៌វរ្ម័នទី២ (១០៦០-១០៨០), ព្រះបាទជ័យវរ្ម័នទី៦ (១០៨០-១១០៩) និងព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០)។
ប្រាសាទព្រះវិហារ គឺជាសំណង់បុរាណដ៏មានតម្លៃខ្ពស់ផ្នែកប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងសាសនា ដែលតំណាងឱ្យអរិយធម៌ខ្មែរ និងការអភិវឌ្ឍសង្គមមនុស្សក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រាសាទព្រះវិហារ មិនមែនត្រឹមតែជាសំណង់ថ្មបុរាណសាមញ្ញទេ ប៉ុន្តែជានិមិត្តរូបនៃអរិយធម៌ខ្មែរ ការគោរពបូជាជំនឿសាសនា និងស្មារតីមនុស្សជាតិ ដែលបានបន្តជាច្រើនសតវត្សរ៍។ ប្រាសាទនេះ មិនត្រឹមជាមរតកជាតិរបស់កម្ពុជាទេ ប៉ុន្តែជាមរតករួមរបស់មនុស្សជាតិ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ អង្គការយូណេស្កូ។ ការចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយ អង្គការយូណេស្កូតាមសំណើររបស់កម្ពុជា ដែលជាម្ចាស់នោះ គឺជាការទទួលស្គាល់ថា ប្រាសាទនេះជាសម្បត្តិរួមរបស់មនុស្សជាតិ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ជាតិណាមួយឡើយ។ ទោះជាយ៉ាងណាប្រាសាទនេះក៏បានក្លាយជាចំណុចនៃជម្លោះនយោបាយ និងជាតិនិយមក្នុងទំនាក់ទំនងកម្ពុជា–ថៃ ជាពិសេសបន្ទាប់ពីសេចក្តីសម្រេចឆ្នាំ១៩៦២ របស់តុលាការយុត្តិធម៌អន្តរជាតិ និងការចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយ អង្គការយូណេស្កូ។
ប្រាសាទព្រះវិហារ ត្រូវបានបារាំងប្រគល់ទៅឱ្យប្រទេសថៃកាន់កាប់នៅឆ្នាំ១៩៥៤ ហើយត្រូវបានប្រគល់ឱ្យព្រះរាជាណាចក្រកម្ពុជាវិញតាមសាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិនៅ ទីក្រុងឡាអេប្រទេសហូឡង់។ សេចក្តីសម្រេចឆ្នាំ១៩៦២ របស់ ICJ បានបញ្ជាក់យ៉ាងច្បាស់អំពីអធិបតេយ្យភាពកម្ពុជា លើប្រាសាទព្រះវិហារ។ សេចក្តីសម្រេចនេះ មិនមែនជាការសម្រេចនយោបាយទេ ប៉ុន្តែជាលទ្ធផលនៃការវិភាគភស្តុតាងផែនទី ប្រវត្តិសាស្ត្រ និងអនុសញ្ញាអន្តរជាតិ។ ក្នុងវិស័យច្បាប់អន្តរជាតិ សេចក្តីសម្រេច ICJ ត្រូវបានចាត់ទុកជាសេចក្តីសម្រេចចុងក្រោយ (final and binding) ដែលមិនអាចបដិសេធ ឬ តវ៉ាដោយជាតិសាសន៍ណាមួយបានទៀតឡើយ។
បើទោះបីជាមានយុត្តាធិការអន្តរជាតិសម្រេចយ៉ាងណាក្តី ក៏ប្រជាជាតិសៀមនៅតែបន្តបង្កជម្លោះជុំវិញប្រាសាទព្រះវិហារជាបន្តបន្ទាប់ម្តងហើយម្តងទៀតដោយឥតមានការអៀនខ្មាស់។សកម្មភាពទាំងនេះបង្ហាញយ៉ាងច្បាស់ថា អ្នកជាតិនិយមខ្លះៗ មិនបានឈរលើមូលដ្ឋានសច្ចៈប្រវត្តិសាស្ត្រទេ ប៉ុន្តែឈរលើអារម្មណ៍ច្រណែន និងការបដិសេធអតីតកាល។ការបំផ្លាញប្រាសាទព្រះវិហារមិនមែនត្រឹមជាជម្លោះព្រំដែន ឬការប្រឆាំងរបស់ចលនាជាតិនិយមជ្រុសរបស់ប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវតែយល់ក្នុងបរិបទធំជាងនេះ គឺ បរិបទនយោបាយផ្ទៃក្នុងរបស់សៀម ដែលជាតម្លៃគន្លឹះក្នុងការពន្យល់ពីចរឹត និងចេតនានៃអំពើបំផ្លាញនេះ។ ការវាយប្រហារលើវប្រាសាទព្រះវិហារមិនមែនជាការឆ្លើយតបយោធាដោយចៃដន្យទេ ប៉ុន្តែជាការជ្រើសរើសគោលដៅដែលមានន័យនយោបាយខ្ពស់បំផុត។
ប្រវត្តិនយោបាយសៀមសម័យទំនើប បង្ហាញពីលំនាំមួយដ៏ច្បាស់ថា នៅពេលនយោបាយក្នុងស្រុកជួបវិបត្តិ មិនថាជាវិបត្តិនយោបាយ ឬ រាជរដ្ឋាភិបាល ការប្រឆាំងផ្ទៃក្នុង ការបែងចែកសង្គម ឬវិបត្តិសេដ្ឋកិច្ចនោទេ ជាតិនិយមត្រូវបានលើកឡើងជាឧបករណ៍បង្រួបបង្រួមអំណាច។ ក្នុងបរិបទនេះ “សត្រូវក្រៅ” ត្រូវបានបង្កើតឡើង ដើម្បីបំប្លែងការយកចិត្តទុកដាក់របស់សាធារណជនពីបញ្ហាផ្ទៃក្នុង។ប្រាសាទព្រះវិហារ ត្រូវបានយកធ្វើជាវត្ថុនយោបាយដ៏ងាយស្រួល ព្រោះវាប៉ះពាល់ផ្ទាល់ដល់អារម្មណ៍ជាតិនិយម និងអតីតកាលប្រវត្តិសាស្ត្រដែលសៀមមិនព្រមទទួលស្គាល់។ នៅពេលអំណាចក្នុងស្រុកមិនមានភាពស្ថិរភាព ការបង្កើតជម្លោះក្រៅស្រុក ក្លាយជាវិធីសាស្ត្រមួយដើម្បីបង្កើនភាពស្របច្បាប់ និងបង្ហាញភាព “រឹងមាំ” របស់អំណាចយោធា និងរដ្ឋ។ ការបំផ្លាញប្រាសាទព្រះវិហារ កើតឡើងនៅក្នុងបរិបទដែលនយោបាយសៀមជួបនោះគឺ៖ ១. ការបែងចែកអំណាចក្នុងរដ្ឋ, ២. ការប្រឆាំងរវាងក្រុមនយោបាយ និង៣. ការខ្វះភាពស្របច្បាប់នៃរដ្ឋាភិបាលខ្លះៗ។
ការបំផ្លាញប្រាសាទព្រះវិហារមិនមែនជាឧប្បត្តិហេតុដោយឡែក ឬជាផលប៉ះពាល់ចៃដន្យនៃជម្លោះព្រំដែនឡើយ ប៉ុន្តែជាហេតុបច្ច័យដោយផ្ទាល់នៃនយោបាយផ្ទៃក្នុង ដែលប្រើជាតិនិយមជាឧបករណ៍រក្សាអំណាច និងបង្កើតសត្រូវក្រៅស្រុក ដើម្បីបិទបាំងវិបត្តិភាពស្របច្បាប់និងការបែកបាក់ក្នុងសង្គមខ្លួនឯង។ ក្នុងន័យនេះ ជារឿងគួរឱ្យហួសនិស្ស័យស្មានរបស់ជាតិសៀមនោះគឺ បេតិកភណ្ឌវប្បធម៌មិនត្រូវបានមើលជាតម្លៃសកលទេ ប៉ុន្តែត្រូវបានបម្លែងជាវត្ថុនយោបាយ ដែលអាចបំផ្លាញ ឬប្រើប្រាស់តាមតម្រូវការអំណាច។
ចរឹតនៃការបំផ្លាញនេះ បង្ហាញយ៉ាងច្បាស់ពី ការបដិសេធសច្ចៈប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ ដោយចេតនា។ នៅពេលអំណាចនយោបាយក្នុងស្រុកមិនអាចសាងសង់ភាពស្របច្បាប់លើមូលដ្ឋានសេដ្ឋកិច្ច ប្រជាធិបតេយ្យ ឬសុចរិតភាពរដ្ឋបាលបាន វាមានទំនោរប្រើអតីតកាលជាវាលប្រយុទ្ធ និងប្រើវប្បធម៌របស់អ្នកដទៃជាគោលដៅ។ ការបំផ្លាញប្រាសាទ ដូច្នេះ មិនមែនជាការខ្វះការយល់ដឹងទេ ប៉ុន្តែជាជម្រើសនយោបាយ ដែលដាក់អារម្មណ៍ជាតិនិយមលើសគោលការណ៍សកល។ លើសពីនេះទៀត ការវាយប្រហារលើប្រាសាទព្រះវិហារ គឺជាការប៉ុនប៉ង លុបអត្តសញ្ញាណ និងបំផ្លាញភស្តុតាងអរិយធម៌ ដែលបញ្ជាក់ពីការមានសិទ្ធិប្រវត្តិសាស្ត្ររបស់កម្ពុជា។ វាជាយុទ្ធសាស្ត្រដែលកើតចេញពីវិបត្តិអត្តសញ្ញាណរដ្ឋ នៅពេលរដ្ឋមួយមិនអាចបង្កើតអត្តសញ្ញាណជាតិលើមូលដ្ឋានប្រវត្តិសាស្ត្ររឹងមាំបាន វាមានទំនោរបដិសេធ ឬបំផ្លាញអតីតកាលរបស់អ្នកដទៃ ដើម្បីបំពេញចន្លោះខ្វះខាតរបស់ខ្លួនឯង។
ផ្អែកលើសហគមន៍អន្តរជាតិ ករណីប្រាសាទព្រះវិហារ គឺជាការព្រមានយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើការបំផ្លាញបេតិកភណ្ឌពិភពលោក អាចត្រូវបានអធ្យាស្រ័យដោយយកហេតុផលនយោបាយផ្ទៃក្នុងមកធ្វើជាខែលការពារ នោះច្បាប់អន្តរជាតិ នឹងត្រូវបំផ្លាញពីខាងក្នុង ហើយគោលការណ៍ថា “វប្បធម៌ជាសម្បត្តិរួមរបស់មនុស្សជាតិ” នឹងក្លាយជាពាក្យទទេ។
ដូច្នេះ ការការពារប្រាសាទព្រះវិហារ មិនមែនជាការការពារថ្មនិងសំណង់បុរាណប៉ុណ្ណោះទេ ប៉ុន្តែជាការការពារ សច្ចៈប្រវត្តិសាស្ត្រ អធិបតេយ្យភាពរដ្ឋ និងសុពលភាពនៃច្បាប់អន្តរជាតិ។ ការអនុញ្ញាតឱ្យអំពើបំផ្លាញបែបនេះកើតឡើងដោយគ្មានទំនួលខុសត្រូវ គឺជាការបើកផ្លូវឱ្យអំណាចអាវុធ និងនយោបាយក្នុងស្រុក ឈ្នះលើសីលធម៌ និងសន្តិភាពពិភពលោក ៕


