បទវិភាគ៖ ការយល់ដឹងអំពីថ្ងៃ ៧ មករា មិនមែនដើម្បីរស់នៅក្នុងអតីតកាលទេ ប៉ុន្តែដើម្បីធានាថា អតីតកាលដ៏ឈឺចាប់នោះ មិនក្លាយជាអនាគតរបស់ជាតិម្ដងទៀត និងជាគុណតម្លៃជាសារវ័ន្តរសម្រាប់យុវជនជំនាន់ក្រោយគ្រប់សម័យកាល
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បទវិភាគ៖ ការយល់ដឹងអំពីថ្ងៃ ៧ មករា មិនមែនដើម្បីរស់នៅក្នុងអតីតកាលទេ ប៉ុន្តែដើម្បីធានាថា អតីតកាលដ៏ឈឺចាប់នោះ មិនក្លាយជាអនាគតរបស់ជាតិម្ដងទៀត និងជាគុណតម្លៃជាសារវ័ន្តរសម្រាប់យុវជនជំនាន់ក្រោយគ្រប់សម័យកាល


ភ្នំពេញ៖
ថ្ងៃ ៧ មករា ១៩៧៩ មិនមែនជាកាលបរិច្ឆេទសម្រាប់ការរំលឹកពិធីតាមព្រឹត្តិការណ៍ ឬជាពាក្យស្លោកនយោបាយ ដែលអាចត្រូវយកមកប្រើដោយគ្មានការគិតវិភាគឡើយ។ ប្រសិនបើយុវជនជំនាន់ក្រោយយល់ថាថ្ងៃនេះត្រឹមជាអតីតកាលឆ្ងាយ នោះការចងចាំនឹងក្លាយជារឿងឥតន័យនិងគ្មានគុណតម្លៃសោះឡើយ។ តាមការវិភាគជាទស្សនៈសង្គម ថ្ងៃ ៧ មករា គឺជាចំណុចប្រវត្តិសាស្ត្រដ៏សំខាន់បំផុតមួយ ដែលសង្គមខ្មែរ បានផ្លាស់ពីស្ថានភាព “គ្មានរដ្ឋ គ្មានមនុស្សធម៌ និងគ្មានអនាគត” ទៅរកការស្តារឡើងវិញនៃជីវិត រដ្ឋ ប្រជាជន និងមូលដ្ឋានគ្រឹះនៃសង្គមគ្រប់ទម្រង់។

មុនថ្ងៃ ៧ មករា កម្ពុជា មិនត្រឹមតែរងការបាត់បង់ជីវិតមនុស្សរាប់លាននាក់ទេ ប៉ុន្តែគ្រឹះសង្គមទាំងមូលរងការបំផ្លាញគ្មានសល់នោះឡើយ។ ជីវិតមនុស្សត្រូវបានរំលោភបំពានសិទ្ធិ និងកាប់សម្លាប់ សីលធម៌ត្រូវបានបំផ្លាញ ច្បាប់ និងរចនាស្ថាប័នរដ្ឋត្រូវបានលុបបំបាត់។ ក្នុងស្ថានភាពបែបនេះ សង្គមមិនអាចហៅថាជា “រដ្ឋ” បានឡើយ ព្រោះរដ្ឋមួយត្រូវមានយ៉ាងហោចណាស់សិទ្ធិមនុស្ស ស្ថាប័ន និងទំនួលខុសត្រូវ។ ថ្ងៃ ៧ មករា គឺជាការស្តារឡើងវិញនៃគំនិតមូលដ្ឋានមួយគត់ ដែលអនុញ្ញាតឱ្យជាតិអាចបន្តអត្ថិភាព គឺ “មនុស្សមានតម្លៃ”។

លើសពីនេះទៀត ថ្ងៃ ៧ មករា មានន័យជាការចាប់ផ្តើមកសាងរដ្ឋឡើងវិញពីចំណុចសូន្យ។ វាមិនមែនជាការផ្លាស់ប្តូរអំណាចធម្មតា ប៉ុន្តែជាការបញ្ចប់នយោបាយអសីលធម៌ ដែលបានប្រើអំណាចជាឧបករណ៍បំផ្លាញជាតិខ្លួនឯង។ មេរៀននយោបាយដ៏ជ្រាលជ្រៅសម្រាប់យុវជនជំនាន់ក្រោយ គឺការយល់ថា អំណាចនយោបាយមិនមានតម្លៃដោយខ្លួនវាទេ ប្រសិនបើវាមិនបម្រើជីវិតមនុស្ស សន្តិភាព និងអត្ថប្រយោជន៍ជាតិ។ នយោបាយដែលផ្តាច់ចេញពីមនុស្សធម៌ អាចនាំប្រទេសទៅរកការរលាយដូចដែលប្រវត្តិសាស្ត្រធ្លាប់បង្ហាញរួចមកហើយ។

ជាមួយគ្នានេះ ទិដ្ឋភាពសេដ្ឋកិច្ចក្រោយថ្ងៃ ៧ មករា បង្ហាញពីការចាប់ផ្តើមរស់នៅក្នុងស្ថានភាព “សេដ្ឋកិច្ចសូន្យ”។ ប្រទេសមួយដែលខ្វះមនុស្ស ខ្វះចំណេះដឹង ខ្វះទំនុកចិត្ត និងខ្វះទំនាក់ទំនងជាមួយពិភពលោក មិនអាចនិយាយពីការអភិវឌ្ឍបានឡើយ។ ការស្តារសេដ្ឋកិច្ចកម្ពុជាបានចាប់ផ្តើមពីការសង្គ្រោះជីវិត និងការបង្កើតស្ថិរភាពសង្គម មុននឹងឈានទៅការបង្កើតផលិតកម្ម និងការរីកចម្រើន។ នេះបញ្ជាក់យ៉ាងច្បាស់ថា សេដ្ឋកិច្ចមិនអាចរីកចម្រើនលើគ្រឹះនៃការភ័យខ្លាច ការរស់នៅដោយអសីលធម៌ និងអំពើអមនុស្សធម៌បានឡើយ ប៉ុន្តែត្រូវការសន្តិភាព និងស្ថិរភាពជាមុនសិន។

សម្រាប់យុវជនជំនាន់ក្រោយ ដែលរស់នៅក្នុងបរិបទពិភពលោកបើកចំហ និងសេដ្ឋកិច្ចទីផ្សារ ថ្ងៃ ៧ មករា ផ្តល់គុណតម្លៃជាសារ​វ័ន្តថា ឱកាសសេដ្ឋកិច្ច ការងារ និងការរកស៊ី មិនអាចផ្តាច់ចេញពីស្ថិរភាពនយោបាយ និងសាមគ្គីភាពសង្គមបានទេ។ ប្រទេសណាដែលបាត់បង់ស្ថិរភាពនយោបាយ នឹងនាំទៅរកឱនភាពនៃសេដ្ឋកិច្ច ដោយសារការបាត់បង់ទំនុកចិត្តពីអ្នកវិនិយោគគ្រប់វិស័យ។ នេះគឺជាការបិទទ្វារអនាគតសម្រាប់យុវជនជំនាន់ថ្មី។

បើក្រឡេកមើលទៅលើទស្សនៈសីលធម៌និងវប្បធម៌សង្គមវិញបង្ហាញច្បាស់ថា ថ្ងៃ ៧ មករា ជាសារបញ្ជាក់យ៉ាងច្បាស់ថា សង្គមមួយមិនអាចរស់រានដោយអំណាច និងការបង្ខិតបង្ខំបានឡើយ។ សង្គមអាចរស់រានបាន បើការស់នៅរបស់ប្រជាជនមានមនុស្សធម៌ សីលធម៌ និងការគោរពគ្នាទៅវិញទៅមក។ ក៏ជាសញ្ញាណសម្រាប់យុវជនផងដែរថា ការកសាងអនាគតជាតិមិនមែនជាការកកើតជម្លោះអតីតកាលឡើងវិញទេ ប៉ុន្តែជាការយកមេរៀនឈឺចាប់នោះ មកធ្វើជាគ្រឹះសម្រាប់ការរស់នៅរួមគ្នាដោយការទទួលខុសត្រូវនិងសីលធម៌ដោយមិនប្រកួតប្រជែង។

ជាសេចក្តីសន្និដ្ឋានរួមមក ថ្ងៃ ៧ មករា គឺជាគុណតម្លៃសារវ័ន្តរស់រវើកសម្រាប់យុវជនជំនាន់ក្រោយ និងជាសារប្រាប់យើងថា ជាតិអាចរលាយបាន ប្រសិនបើមនុស្សបោះបង់មនុស្សធម៌, នយោបាយអាចក្លាយជាឧបករណ៍វិនាស ប្រសិនបើខ្វះសីលធម៌ និងសេដ្ឋកិច្ចមិនអាចរីកចម្រើនបានទេ បើមិនមានស្ថេរភាពនយោបាយ។ផ្ទុយទៅវិញបើមានសន្តិភាព ស្ថិរភាព និងទំនុកចិត្តសង្គមប្រកបដោយសច្ចៈភាពនោះអ្វីៗជារចនាសម្ព័ន្ធសង្គមនឹងកើតឡើងដោយតុណ្ហីភាព។ ការយល់ដឹងអំពីថ្ងៃ ៧ មករា មិនមែនដើម្បីរស់នៅក្នុងអតីតកាលទេ ប៉ុន្តែដើម្បីធានាថា អតីតកាលដ៏ឈឺចាប់នោះ មិនក្លាយជាអនាគតរបស់ជាតិម្ដងទៀត ៕

Previous Post Next Post