ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង សហការជាមួយព្រះមន្រ្តីសង្ឃវត្តធម្មបញ្ញាមហាព្រហ្ម បានរៀបចំកម្មវិធីអប់រំសីលធម៌សង្គមតាមសាសនមាគ៌ាចំពោះសិស្សសាលាបឋមសិក្សាពីងពង់ ក្រោមប្រធានបទ កុមារហូបស្អាត ផឹកស្អាត និងរស់នៅស្អាត : បើកុមារល្អថ្ងៃនេះ សង្គមនឹងភ្លឺថ្លាថ្ងៃស្អែក ដឹកនាំដោយព្រះភិក្ខុ ម៉ាប់ សុខជឿន គង់នៅក្នុងវត្តបញ្ញាមហាព្រហ្ម ដោយមានសិស្សានុសិស្សចំនួន ៣២០នាក់ ក្រោមប្រធានបទ កុមារហូបស្អាត ផឹកស្អាត និងរស់នៅស្អាត : បើកុមារល្អថ្ងៃនេះ សង្គមនឹងភ្លឺថ្លាថ្ងៃស្អែក។
ឯកឧត្តមបានមានប្រសាសន៍ថា កម្មវិធីអប់រំសីលធម៌សង្គមតាមសាសនមាគ៌ា ក្រោមប្រធានបទ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គឺជាគ្រឹះមូលដ្ឋានបំផុតនៃសុខភាព សីលធម៌ និងវប្បធម៌រស់នៅ។ កុមារជាមូលដ្ឋានគ្រឹះនៃសង្គមអនាគត។ ការបណ្តុះបណ្តាលឱ្យកុមារមានអាកប្បកិរិយាស្អាត ចាប់ពីការហូបអាហារ ការផឹកទឹក និងការរស់នៅប្រចាំថ្ងៃ គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់សង្គមជាតិ។ កម្មវិធីនេះមានគោលបំណងបង្កើតចរិតល្អ សុខភាពល្អ និងវប្បធម៌រស់នៅស្អាតចាប់ពីវ័យក្មេង។ការរស់នៅស្អាត គឺជាការគោរពខ្លួនឯង គោរពអ្នកដទៃ និងគោរពសង្គម។ កុមារដែលចេះរក្សាអនាម័យ ចេះគោរពវិន័យ ចេះនិយាយពាក្យល្អ និងប្រព្រឹត្តល្អ នឹងក្លាយជាពលរដ្ឋល្អ មានស្មារតីទទួលខុសត្រូវ និងមានសីលធម៌ខ្ពស់ក្នុងសង្គម។
ឯកឧត្តមបានបន្តទៀតថា កុមារ គឺជាគ្រាប់ពូជនៃសង្គម។ អនាគតប្រទេសជាតិរីកចម្រើន ឬថយចុះ មិនបានស្ថិតនៅលើអ្វីផ្សេងឡើយ ប៉ុន្តែស្ថិតនៅលើរបៀបដែលយើងអប់រំ បណ្តុះបណ្តាល និងបង្កើតទម្លាប់ល្អឱ្យកុមារចាប់ពីថ្ងៃនេះ។ ការអប់រំសីលធម៌ មិនមែនជាការបង្រៀនត្រឹមតែពាក្យសម្តីនោះទេ ប៉ុន្តែជាការបង្កើតទម្លាប់ល្អ និងចរិតល្អឱ្យក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។
សូមបញ្ជាក់ថា កម្មវិធីរអប់រំសីលធម៌តាមសាសនមាគ៌ាជាគម្រោងមួយដែលត្រូវបានបង្កើតឡើងដោយក្រុមការងារចុះមូលដ្ឋានឃុំជាមួយរដ្ឋបាលឃុំសាលានិងព្រះមន្រ្តីសង្ឃក្នុងឃុំ ដើម្បីជាឧបករណ៍សំខាន់ក្នុងការបណ្តុះបណ្តាលកុមារ ឱ្យមានការរស់នៅប្រកបដោយគុណភាព សុចរិតភាព វិន័យ និងការរស់នៅរួមគ្នាដោយសន្តិភាព។ កម្មវិធីនេះផ្អែកលើគុណតម្លៃពុទ្ធសាសនា សម្របសម្រួលជាមួយជីវិតប្រចាំថ្ងៃរបស់សិស្សបឋមសិក្សា ដើម្បីបង្កើត “ទម្លាប់ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត” ជាមូលដ្ឋានសង្គមល្អនៅអនាគត។
ក្នុងកម្មវិធីនោះក្រុមការងារបានផ្តោតជាមូលដ្ខានលើខ្លឹមសារដោយនិមន្តព្រះមន្រ្តីសង្ឃរបស់វត្តទាំង៣នៅក្នុងឃុំ ដោយផ្តោតជាខ្លឹមសារឈរលើស្មារតីរួមគឺ ការអប់រំកុមារ មិនអាចផ្អែកត្រឹមតែការផ្ទេរចំណេះដឹងវិជ្ជាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមបញ្ចូលការបណ្តុះបណ្តាលសីលធម៌ និងគុណធម៌ផងដែរ ដើម្បីបង្កើតមនុស្សពេញលេញទាំងបញ្ញា ចិត្ត និងអាកប្បកិរិយា។ ក្នុងបរិបទសង្គមសព្វថ្ងៃ កម្មវិធីអប់រំសីលធម៌សង្គមតាមសាសនមាគ៌ា សម្រាប់សិស្សសាលាបឋមសិក្សា ក្រោមប្រធានបទ «កុមារហូបស្អាត ផឹកស្អាត និងរស់នៅស្អាត : បើកុមារល្អថ្ងៃនេះ សង្គមនឹងភ្លឺថ្លាថ្ងៃស្អែក» គឺជាគ្រឹះសំខាន់ក្នុងការបណ្តុះកុមារឱ្យក្លាយជាពលរដ្ឋល្អ មានសីលធម៌ និងទំនួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ និងសង្គម ៕















