ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បង្ហាញការគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បង្ហាញការគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស៍ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនពីប្រតិបត្តិការបង្ក្រាបទីតាំង និងមុខសញ្ញាសំខាន់ៗមួយចំនួនដែលមានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានគូសបញ្ជាក់ពីជំហរម៉ឹងម៉ាត់ និងការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងលើមេក្លោង និងបក្ខពួកដែលមានជាប់ពាក់ព័ន្ធ។ 

ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិត បានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេសដែលពាក់ព័ន្ធ សំដៅធ្វើយ៉ាងណារួមគ្នា បង្ក្រាប បោសសម្អាត និងផ្តន្ទាទោសក្រុមឧក្រិដ្ឋជនឆបោកឱ្យបានទូលំទូលាយ និងជាសកល។ 

ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងការកោតសរសើរ និងអបអរសាទរ ចំពោះលទ្ធផលនៃប្រតិបត្តិការបង្ក្រាបទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធសំខាន់ៗមួយចំនួន នាពេលកន្លងមក ដែលលទ្ធផលនេះ គឺជាសក្ខីកម្មជាក់ស្តែង នៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងជាការបង្ហាញទៅកាន់សកលលោកពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអនុវត្តកិច្ចការនេះប្រកបដោយភាពសកម្ម។ ភាគីអង់គ្លេស៍រីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។   

ភាគីទាំងពីរបានបានផ្លាស់ប្តូរទស្សនៈ និងផែនការជំហានបន្ទាប់ ពាក់ព័ន្ធការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសតាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការកសាងសមត្ថភាព ៕




Previous Post Next Post