ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា បានបង្ហាញពីទឹកចិត្តឈឺចាប់ក្នុងសកម្មភាពចុះពិនិត្យនៅវត្តព្រៃចាន់ នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ ថាគឺជាភាពឈឺចាប់ដ៏ធ្ងន់ធ្ងរដែលមិនអាចពិពណ៌នាបាន។ ទិដ្ឋភាពដែលបានឃើញមុខភ្នែក បានធ្វើឱ្យបេះដូងស្ទើរផ្ទុះ ព្រោះវាមិនមែនជាការខូចខាតធម្មតាទេ ប៉ុន្តែជាសកម្មភាពសាហាវ គ្មានមនុស្សធម៌ និងមិនគោរពតម្លៃសាសនា វប្បធម៌ និងអត្តសញ្ញាណជាតិរបស់យើង។
ឯកឧត្តមបានបន្តទៀតថា ទីសក្ការៈមិនមែនជាអគារធម្មតានោះទេ ប៉ុន្តែជាខ្សែចំណងនៃមនោសញ្ចេតនានៃការលះបងរបស់បរិស័ទ ចំណងប្រវត្តិសាស្ត្រ ដែលជាគ្រឹះនៃដួងព្រលឹងនិងជាមូលដ្ឋានសីលធម៌របស់សង្គមខ្មែរ។ការបំផ្លិចបំផ្លាញទីសក្ការៈ គឺជាការបំផ្លាញស្មារតីសាមគ្គី និងការរស់នៅដោយសេចក្តីគោរពគ្នាទៅវិញទៅមក ដែលជាគុណតម្លៃសកល។ តាមទស្សនៈព្រះពុទ្ធសាសនា អំពើបំផ្លិចបំផ្លាញទីសក្ការៈ គឺជាអកុសលកម្មធ្ងន់ ដែលកើតចេញពី អវិជ្ជា ទោសៈ និងមោហៈ។ អំពើបែបនេះមិនត្រឹមតែបង្កទុក្ខវេទនាដល់អ្នកដទៃទេ ប៉ុន្តែជាការបំផ្លាញខ្លួនឯងតាមច្បាប់កម្មផងដែរ។ សង្គមណាដែលមិនគោរពទីសក្ការៈ សង្គមនោះក៏កំពុងបំផ្លាញស្នូលសីលធម៌របស់ខ្លួនឯងដោយមិនដឹងខ្លួន។
ទន្ទឹមនឹងនេះពីទស្សនៈច្បាប់ និងបទដ្ឋានអន្តរជាតិ ការបំផ្លិចបំផ្លាញទីសក្ការៈ និងបេតិកភណ្ឌវប្បធម៌ គឺជាការបំពានធ្ងន់ធ្ងរលើគោលការណ៍ការពារបេតិកភណ្ឌវប្បធម៌ និងសិទ្ធិវប្បធម៌របស់ប្រជាជន។ វាជាសកម្មភាពដែលមិនអាចទទួលយកបាននៅក្នុងសង្គមស៊ីវិល័យ និងមិនអាចលាក់បាំងក្រោមពាក្យណាមួយបានឡើយ។
ឯកឧត្តមសូមថ្កោលទោសយ៉ាងដាច់ខាតចំពោះសកម្មភាពអំពើហិង្សានេះ ហើយទាមទារឱ្យមានការទទួលខុសត្រូវតាមច្បាប់ និងតាមគោលការណ៍មនុស្សធម៌អន្តរជាតិ។ ជាមួយគ្នានេះឯកឧត្តមអំពាវនាវឱ្យសហគមន៍ជាតិ និងអន្តរជាតិ ឈររួមគ្នាការពារ និងថែរក្សាទីសក្ការៈ សាសនា និងបេតិកភណ្ឌវប្បធម៌ ដើម្បីឲ្យសេចក្តីសន្តិភាព និងកិត្តិយសមនុស្សធម៌ មិនត្រូវបានបំផ្លាញឡើយ ៕












