ពីកង់១គ្រឿង ទៅកាន់អនាគតល្អប្រសើរដល់មួយគ្រួសារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ពីកង់១គ្រឿង ទៅកាន់អនាគតល្អប្រសើរដល់មួយគ្រួសារ


ក្រុងរុនតាឯក៖
នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាតានី ស្ថិតនៅក្នុងភូមិតានី សង្កាត់រុនតឯក ក្រុងរុនតាឯកតេជោសែន មានរៀបចំពិធីប្រគល់អំណោយកង់ដែលជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ (CFRD) តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលជូនដល់ដល់សិស្សានុសិស្ស។

លោក វុត សត្រា អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងរុនតាឯកតេជោសែន បានថ្លែងនូវការដឹងគុណដល់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានជួយសម្របសម្រួលជាមួយ CFRDក្នុងការផ្តល់នូវអំណោយដ៏មានតម្លៃបំពេញបាននូវតម្រូវការចាំបាច់ដល់ប្រជាជននៅនឹងមូលដ្ឋាន។ លោកបន្ថែមថា កង់នេះបានផ្តល់នូវក្តីសង្ឃឹម ក្តីរំពឹងខ្ពស់ដល់ក្រុមគ្រួសារ និងសិស្សផ្ទាល់ក្នុងការប្រឹងប្រែងសិក្សារៀនសូត្រ។

ក្នុងនាមគណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាល លោកស្រី ហួរ លីណា នាយិកាសាលាបឋមសិក្សាតានីបានថ្លែងដោយក្តីរំជួលចិត្តថា វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានជួយរួមចំណែកយ៉ាងសកម្មដោយរាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ បណ្ណាល័យ កញ្ចប់ Panda ហើយថ្ងៃនេះទទួលបាននូវអំណោយកង់ដោយបានជួយដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក ជាពិសេសសិស្សដែលរស់នៅឆ្ងាយពីសាលារៀន ដើម្បីកាត់បន្ថយការលំបាកក្នុងការធ្វើដំណើរ បង្កើនការចូលរួមសិក្សាទៀងទាត់ និងកាត់បន្ថយអត្រាឈប់រៀនមុនកំណត់។ 

ក្នុងនាមជាអន្តរការីលើការជួយជំនួយនេះដល់សាលាបឋមសិក្សាតានី លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី បានថ្លែងថាអំណោយកង់ទាំងនេះ ត្រូវបានចាត់ទុកថាជាកម្លាំងចិត្ត និងជាឧបករណ៍សំខាន់មួយ ក្នុងការជួយសិស្សបន្តការសិក្សាបានដោយទំនុកចិត្ត និងសុវត្ថិភាព ហើយកង់នេះបានជួយដល់គ្រួសាររបស់សិស្សនៅក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយលោកក៏បានស្នើសុំឱ្យវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងភាគីមូលនិធិចិន CFRD បន្តគាំទ្រសកម្មភាពមនុស្សធម៌ និងវិស័យអប់រំនៅក្នុងក្រុងរុនតាឯកតេជោសែន ក្នុងស្រុកបន្ទាយស្រី និងជាពិសេសរួមចំណែកក្នុងការកសាងអនាគតដ៏រីកចម្រើន និងចីរភាពសម្រាប់កុមារកម្ពុជា ៕






Previous Post Next Post