ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នាថ្ងៃអាទិត្យ ៩រោច ខែមិគសិរ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល, ឯកឧត្តម រិន វីរៈ, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អនុប្រធានគណៈប្រចាំការ និងផ្នែកចំណុះនៃយុវជនគណបក្សថ្នាក់កណ្ដាលមួយចំនួន បានអញ្ជើញទទួលអំណោយពីអ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន Champion Group ដើម្បីត្រៀមរៀបចំបែងចែក ជូនបងប្អូនកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ទៅតាមមណ្ឌលសុវត្ថិភាពនានា ក្រោយពីក្រុមទាហានថៃ បានបាញ់ផ្លោងចូលឈ្លានពានបូរណៈភាពទឹកដីកម្ពុជា។
អំណោយរបស់ក្រុមហ៊ុន Champion Group រួមមាន៖ អង្ករចំនួន ១៥តោន, ភេសជ្ជៈហ្គីតចំនួន ១,៥០០កេស។ ក្រៅពីនេះ ក្រុមហ៊ុន Champion Group នឹងផ្តល់អំបុកចំនួន ១៥តោនបន្ថែមទៀត នៅពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ទឹកចិត្ដដ៏សប្បុរសរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន Champion Group ដែលបានឧបត្ថម្ភភេសជ្ជៈ និងអង្ករ ដល់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដើម្បីចែកជូនបងប្អូនកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋជនភៀសសឹកទៅតាមមណ្ឌលសុវត្ថិភាពនានា។ នេះបានបង្ហាញឱ្យឃើញនូវទឹកចិត្ដសប្បុរសដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន ក្នុងការជួយសង្គ្រោះបងប្អូនកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋជនភៀសសឹក និងគាំទ្រដល់ដំណើរការរបស់យុវជនគណបក្សផងដែរ។
មកដល់ពេលនេះ ទឹកចិត្តបងប្អូនប្រជាពលរដ្ឋកំពុងផុសផុល មកចូលរួមឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញមកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សូមធ្វើការអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ្ញ៉ា អ្នកឧកញ្ញ៉ា ឧកញ្ញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជានៅគ្រប់ថ្នាក់ គ្រប់ផ្នែក ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមចូលរួមបរិច្ចាគជាថវិកាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ទៅតាមលទ្ធភាពរៀងៗខ្លួន ៕


























