ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជ្រើសរើសយកកំណាត់ផ្លូវជាតិលេខ៥៥ ក្នុងភូមិសាស្ត្រស្រុកបាកាន និងក្រុងពោធិ៍សាត់ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ៥ ចូលទៅបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ រហូតដល់វត្តហ្លួង សង្កាត់លលកស ដើម្បីធ្វើជាគំរូមុនគេ ក្នុងការចាប់ផ្តើមចាក់ពង្រីកតួផ្លូវ រៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន។
ថ្លែងក្នុងឱកាសចុះពិនិត្យ និងដឹកនាំបញ្ជាដោយផ្ទាល់ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ដើម្បីអនុវត្តកិច្ចការងាររៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថានឱ្យមានប្រសិទ្ធភាព ឯកឧត្តមបានជ្រើសរើសយកកំណាត់ផ្លូវជាតិលេខ៥៥ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវជាតិលេខ៥ ចូលទៅបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ នៃឃុំស្នាមព្រះ រហូតដល់វត្តហ្លួង សង្កាត់លលកស ដើម្បីចាប់ផ្តើមធ្វើជាគំរូនាំមុខគេ មុននឹងបន្តតាមបណ្តាមូលដ្ឋានអាទិភាពមួយចំនួនទៀត ក្នុងខេត្តពោធិ៍សាត់។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា កំណាត់ផ្លូវជាតិលេខ៥៥ ដែលលោកបានកំណត់ធ្វើអភិវឌ្ឍន៍នោះ មានប្រវែង៦គីឡូម៉ែត្រ ដោយ៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិស្នាមព្រះ ស្រុកបាកាន និង៣គីឡូម៉ែត្រទៀត ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់។ ជំហានដំបូង លោកបានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន ជូនដល់ប្រជាពលរដ្ឋឱ្យបានដឹងជ្រួតជ្រាប មុននឹងឈានដល់ដំណាក់កាលរុះរើកាត់សំយ៉ាបតូប និងឃឿនផ្ទះ ដែលសង់រំលោភលើដីចំណីផ្លូវសាធារណៈ ព្រមទាំងបន្តចាក់ដី កិនពង្រីកតួផ្លូវ និងឈានដល់ការដាំផ្កា ឬឈើលម្អ ដ៏ស្រស់ស្អាត។
ឯកឧត្តម ខូយ រីដា បានបន្ថែមថា ពិតណាស់ការអភិវឌ្ឍន៍តែងតែប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ ជាក់ជាពុំខាន ក៏ប៉ុន្តែដើម្បីជាផលប្រយោជន៍រួម ពួកគាត់ក៏រីករាយនឹងទទួលយកការពង្រីកផ្លូវ ដើម្បីលើកកម្ពស់សោភណ្ឌភាពមូលដ្ឋាន និងជាយុទ្ធសាស្ត្រទាក់ទាញអារម្មណ៍អ្នកដំណើរ និងទេសចរ ជាពិសេសកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំ និងចង្អុលបង្ហាញ ដល់រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ទូទាំងខេត្ត ត្រូវមានភាពឆ្លាតវាងវៃ មានគំនិតឆ្នៃប្រឌិតខ្ពស់ កុំរងចាំតែគម្រោងធ្លាក់ពីលើមេឃ និងត្រូវបន្តចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យចូលរួមការទុកដាក់សំរាមឱ្យបានល្អ ដែលជាកាតព្វកិច្ចដ៏សំខាន់មួយសម្រាប់បុគ្គលគ្រប់រូប និងសហគមន៍ទាំងមូល ដើម្បីធានាបាននូវបរិស្ថានស្អាត អនាម័យល្អ និងសុខភាពសាធារណៈ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៦ខាងមុខ ខេត្តពោធិ៍សាត់ នឹងត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ។ ក្នុងន័យនេះ ឯកឧត្តមសូមឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន ឱ្យបានស្អាតទាំងអស់គ្នា ហើយរដ្ឋបាលខេត្តក៏បាននឹងកំពុងដាក់ពង្រាយអំពូលភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈ ប្រភទLED តាមដងផ្លូវជាតិលេខ៥ ដើម្បីជាមុខមាត់ និងជាប្រវត្តិសាស្ត្រ សម្រាប់ខេត្តពោធិ៍សាត់របស់យើង ៕









