កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ម្សិលមិញ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ព្រមទាំងមានការចូលរួមពីក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ នាំយកនូវថវិការ រួមទាំងសម្ភារៈមួយចំនួនធំនិងគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនដល់បងប្អូនវីរៈកងទ័ពជួរមុខចំនួនពីរគ្រួសារ លោកពលបាលទោ ផាន ប៉ាលី ភេទប្រុស មេបញ្ជាការរង (ខ) កងពលតូចអន្តរាគមន៍លេខ១ ប្រចាំការទិសតាថាវ ខេត្តព្រះវិហារ និងលោកពលទោ តារា ម៉េង ភេទប្រុស ពលទាហាន តំបន់ប្រតិបត្តិការសឹករង ប្រចាំទិសថ្មដូន ស្រុកបន្ទាយអំពិល ខេត្តឧត្តមមានជ័យ ត្រូវរបួសដោយសារផ្សែងពុលនិងអំបែងគ្រាប់ពេលប្រយុទ្ធនៅសមរភូមិ ជាមួយចោរសៀមឈ្លានពានដែនអធិបតេយ្យកម្ពុជា ហើយពេលនេះកំពុងតែសម្រាកព្យាបាលជំងឺដោយការយកចិត្តទុកដាក់បំផុតនៅមន្ទីរពេទ្យបង្អែក ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ថវិកានិងសម្ភារៈចូលរួមឧបត្ថម្ភរួមមាន÷ថវិកាចំនួន ៨០០,០០០រៀល និងអង្ក ៤បាវ, មីជាតិ ៤កេស, ទឹកសុទ្ធ ៤កេស, ទឹកផ្លែឈើ ៤កេស, ទឹកត្រី ៤យួរ និងទឹកស៊ីអ៊ីវ ៤យួរផងដែរ។
ឆ្លៀតក្នុងឱកាសនាពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានសំណេះសំណាល និងជូនពរជ័យឲ្យឆាប់បានជាសះស្បើយ ក្រៅពីនេះ ក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខនិងការព្រួយបារម្មណ៏បំផុតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចំពោះ វីរៈកងទ័ព លោកពលបាលទោ ផាន ប៉ាលី និងលោកពលទោ តារា ម៉េង និងកោតសរសើរបំផុតក្នុងការបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ និងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា ប្រចាំការទិសតាថាវ ខេត្តព្រះវិហារ និងប្រចាំទិសថ្មដូន ស្រុកបន្ទាយអំពិល ខេត្តឧត្តមមានជ័យ នៅសមរភូមិមុខថែមទៀតផង។
សកម្មភាពក្នុងការចុះសួរសុខទុក្ខនាពេលនេះ គឺជាការរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុស្នេហាជាតិ និងបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយ នៃខឿនការពារជាតិ ការពារអធិបតេយ្យជាតិ និងការពារបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញឱ្យឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង ៕












