ក្រចេះ៖ នារសៀលថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរ និង ចូលកាន់មុខតំណែង ឯកឧត្តម ហង់ ស៊ីថា ជាប្រធានសាលាដំបូងខេត្តក្រចេះ ជំនួស ឯកឧត្តម តុប ឈុនហេង ដែលត្រូវបានផ្ទេរ និង តែងតាំងជា ប្រធានសាលាដំបូងខេត្តពោធិ៍សាត់។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហឿ ស៊ីយ៉ែត ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ, ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ, ឯកឧត្តម ជាសមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី ព្រមទាំងលោក លោកស្រី ជាចៅក្រម ព្រះរាជអាជ្ញារង មន្រ្តីតុលាការ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានធ្វើការសំណេះសំណាល និងបង្ហាញនូវគោលនយោបាយយុទ្ធសាស្ត្រ ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាមួយសមិទ្ធផលដែលសម្រេចបានកន្លងមក របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមមានការកែទម្រង់ប្រព័ន្ធតុលាការ និងការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងគោលការណ៍ណែនាំរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដល់ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីតុលាការទាំងអស់នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនៅទូទាំងប្រទេស ដូចតទៅ៖
១-ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ, មានសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដោយត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាបំផុតទាំង ៥ចំណុច របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់”។
២-ត្រូវពង្រឹងឱ្យបាននូវគុណភាពនៃការចាត់ការសំណុំរឿងដែលខ្លួនកំពុងទទួលបន្ទុក ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធី ជាពិសេស ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកាឱ្យបានឆាប់រហ័ស, ត្រឹមត្រូវតាមក្បួនខ្នាត, ងាយយល់ និងមានសំអាងហេតុ និងសំអាងច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់។
៣-ប្រធានសាលាដំបូង និងចៅក្រម ដែលត្រូវផ្លាស់ទៅបំពេញការងារនៅសាលាដំបូងផ្សេង ត្រូវយកចិត្តទុកដាក់រៀបចំសាលក្រម/សាលដីកាដែលនៅសេសសល់ឱ្យបានរួចរាល់មុនចាកចេញ ចំពោះសំណុំរឿងដែលខ្លួនបានប្រកាសរួច។
៤-ត្រូវបន្តចូលរួមឱ្យបានកាន់តែសកម្ម និងស្វាហាប់ ក៏ដូចជាផ្តល់កិច្ចសហការឱ្យបានពេញលេញបន្ថែមទៀត ក្នុងការអនុវត្តយុទ្ធនាការទាំង២ គឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
៥-ព្រះរាជអាជ្ញាត្រូវក្តាប់ឱ្យបាននូវនយោបាយព្រហ្មទណ្ឌនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវមានភាពវាងវៃ និងរវៀសរវៃ លើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
៦-ត្រូវគោរពវិន័យការងារ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការអនុវត្តការងាររបស់ខ្លួន ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
៧-ត្រូវប្រកាន់ខ្ជាប់នូវឧត្តមគតិយុត្តិធម៌ តាមរយៈការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ ដើម្បីធានាឱ្យបាននូវអនាគតិ នៅពេលជំនុំជម្រះរឿងក្តី ស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ សំដៅផ្តល់ភាពយុត្តិធម៌ឱ្យបានត្រឹមត្រូវ និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ ពោល គឺការវៀរចាកនូវអគិតធម៌ទាំង ៤បទ គឺ៖ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ ៕





























