ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបាកាន រួមទាំងរដ្ឋបាលស្រុក និងអាជីវករជុំវិញស្រុក មកប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងជួយដល់ជនភៀសសឹក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបាកាន រួមទាំងរដ្ឋបាលស្រុក និងអាជីវករជុំវិញស្រុក មកប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងជួយដល់ជនភៀសសឹក


ពោធិ៍សាត់៖
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ នៅបរិវេណមុខសាលាខេត្ត បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ពីក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបាកាន រួមទាំងរដ្ឋបាលស្រុក និងអាជីវករជុំវិញស្រុក មកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងជួយដល់ជនភៀសសឹក ដែលប៉ះពាល់ដោយសារសង្រ្គាមថៃឈ្លានពាន។

អំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបាកាន រួមមាន៖ ថវិកា ២០លានរៀល, អង្ករ ០២តោន, ទឹកសុទ្ធ ២០០កេស, បាយក្តាំង ១,៥០០កញ្ចប់, សៀង ៦០០ដប, ឆៃប៉ូវ ៥០០គីឡូក្រាម, ទឹកស៊ីអ៊ីវ ៦០០ដប និងកាពិផាវ ១,០០០កំប៉ុង។ អំណោយរបស់រដ្ឋបាលស្រុកបាកាន រួមមាន៖ ថវិកា ១០លានរៀល, អង្ករ ០២តោន, ទឹកសុទ្ធ ៥០០យូរ, បន្លែប្រមាណ ០១តោន, ត្រីងៀត ៧០គីឡូក្រាម, ត្រីឆ្អើរ ១១៥ក្រាស់, ប្រេងឆា ០៦យួរ, អាវរងា ០២ដុំ, ចេក ២០ស្ទោង និងសៀងប្រៃ ០៧យូរ។ ដោយឡែកអំណោយរបស់អាជីវករផ្សារក្នុងស្រុកបាកាន សរុបចំនួន ១,៩២១,៥០០រៀល។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបាកាន, លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន និងអាជីវករជុំវិញស្រុក ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា មកប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ជាគុណប្រយោជន៍ បានជួយដល់កងកម្លាំងវីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងជនភៀសសឹក ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដែលបានប្រគល់ជូននាពេលនេះ គឺកើតចេញពីការស្ម័គ្រចិត្ត របស់អស់លោក លោកស្រីជាក្រុមការងារ មន្ត្រីរាជការ អាជីវករក្នុងស្រុក បង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ដែលជាប់នឹងស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ឃើញថា ពុំទាន់មានភាពធូរស្រាលនៅឡើយ។ ឯកឧត្តមបានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការយកចិត្តទុកដាក់ត្រៀមបង្ការជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែស និងបន្តជួយដោះស្រាយជាស្បៀងអាហារ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារវីរកងទ័ពជួរមុខជាប្រចាំ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ខូយ រីដា ក៏សូមសំដែងនូវការសោកស្តាយជាពន់ពេក និងសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានយ៉ាងព្រៃផ្សៃរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើដែនអធិបតេយ្យភាព របស់កម្ពុជា ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា បានបាត់បង់ជីវិត និងរងរបួសមួយចំនួន ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំនៅឋានប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតាមបណ្តាតំបន់ជាច្រើន ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ពិសេសខេត្តពោធិ៍សាត់ផ្ទាល់។

សកម្មភាពឈ្លានពានដ៏ឃោរឃៅ និងព្រៃផ្សៃរបស់យោធាថៃ មកលើដែនអធិបតេយ្យភាព របស់កម្ពុជា គឺជាទង្វើយង់ឃ្នងព្រៃផ្សៃ អមនុស្សធម៌ អសីលធម៌ គ្មានសច្ចធម៌ និងគ្មានច្បាប់ទម្លាប់ ជាពិសេសបានរំលោភ បំពានម្តងហើយម្តងទៀតនូវធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ព្រមទាំងបានរំលោភបំពានយ៉ាង គឃ្លីនសារជាថ្មីម្តងទៀត លើសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ដែលបានចុះហត្ថលេខារវាង កម្ពុជា និងថៃ ក្រោមការចូលរួមជាសាក្សី ពីសំណាក់ លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលប្រារព្ធធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។

គួរជម្រាបជូនថា គិតមកត្រឹមវេលាម៉ោង០៧និង០០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ ខេត្តពោធិ៍សាត់ មានបងប្អូនជាជនភៀសសឹក កំពុងស្នាក់នៅបណ្តោះអាសន្ន នៅទីតាំងមានសុវត្ថិភាព សរុបចំនួន ៣,២២១នាក់ ស្មើនឹង ៩០០គ្រួសារ ដោយបានការយកចិត្តទុកដាក់ខ្ពស់ អំពីសុខសុវត្ថិភាព និងការហូបចុកផងដែរ ៕




















Previous Post Next Post