ភ្នំពេញ៖ នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត ហុង លីម ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការស្នើសុំកិច្ចសហប្រតិបត្តិការ និងការគាំទ្រលើកម្មវិធីប្រឡងគណិតវិទ្យាអង្គរ (Angkor Mathematics Competition) ដែលមានសិស្ស ២៥ប្រទេសចូលរួម នឹងប្រព្រឹត្តទៅនាថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២៥ នាពេលខាងមុខនេះ។
ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពលើសំណូមពររបស់ឯកឧត្តមបណ្ឌិត ដែលបានលើកឡើងអំពីការស្នើសុំកំណត់គោលដៅទេសចរណ៍សម្រាប់សមាគមក្នុងការរៀបចំដំណើរកម្សាន្តសម្រាប់សិស្ស និងបុគ្គលិកប្រចាំឆ្នាំក្នុងរដូវកាលបៃតង, ការស្នើសុំការចុះអនុស្សរណៈយោគយល់រវាងសមាគម និងក្រសួងទេសចរណ៍។ ជាពិសេសឯកឧត្តមរដ្ឋមន្ត្រី ក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីប្រឡងគណិតវិទ្យាអង្គរដែលមានសិស្ស២៥ប្រទេសចូលរួម នាពេលខាងមុខផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត និងសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបានចូលរួមគាំទ្រយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង នាពេលកន្លងមក ព្រមទាំងការចូលរួមចំណែកក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដល់សមាជិកចំនួន ១៣១ស្ថាប័ន ជាសាលាឯកជន, មជ្ឈមណ្ឌលបណ្តុះបណ្តាល, អង្គការមិនមែនរដ្ឋាភិបាល នៅតាម ១៨ខេត្ត ក្រុងផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់សមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា បន្តគាំទ្រយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង នៅឆ្នាំ២០២៦, ការរៀបចំព្រឹត្តិការណ៍ ឬរៀបចំកញ្ចប់ទស្សនកិច្ច និងវិស្សមកាលរបស់សិស្ស និងនិស្សិត ក្នុងស្រុក និងមកពីបរទេស នៅរដូវកាលបៃតង (ពីខែឧសភា ដល់ខែតុលា) ជាពិសេសស្នើសុំបន្តចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់បណ្តាជាដៃគូទាំងក្នុង និងក្រៅប្រទេសឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ៕









