ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅខេត្តយូណាន ប្រទេសចិន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅខេត្តយូណាន ប្រទេសចិន


ភ្នំពេញ៖
 យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ថៃ និងចិន ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានភាពរវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនា និងភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីចិន ក្នុងនាមជាម្ចាស់ផ្ទះ ដែលផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា និងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើនការយោគយល់គ្នាទៅវិញទៅមក និងចំពោះសន្តិភាព និងស្ថិរភាពតំបន់។ កម្ពុជាបន្តបញ្ជាក់ចំពោះជំហរយ៉ាងមុតមាំក្នុងការដោះស្រាយទំនាស់ និងជម្លោះទាំងឡាយ តាម គ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

នាឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ សុខុន ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី ក្នុងគោលដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជានិងចិន ដែលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោកទាំងមូល ៕


Previous Post Next Post