ភ្នំពេញ៖ ឯកឧត្ដម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស សូមប្រកាសញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពានរបស់ប្រទេសថៃ មកលើព្រះរាជាណាចក្រកម្ពុជា ដែលវិវត្តពីការប៉ះទង្គិចតាមព្រំដែន មកជាការឈ្លានពានយ៉ាងពេញទំហឹង មកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ រហូតមកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយប្រើប្រាស់យុទ្ធោបករណ៍ធន់ធ្ងន់គ្រប់ប្រភេទ ដូចជា៖ យន្តហោះចម្បាំង F-16, Gripen, T-50 TH, នាវាចម្បាំង គ្រាប់បែកចង្កោម ផ្សែងពុល ដែលបានរំលោភច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះនៃសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
យោធាថៃបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មយ៉ាងកម្រោលដោយ បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័នស៊ីវិលដូចជា៖ ស្ពាន, ថ្នល់, សាលារៀន, វត្តអារាម, លំនៅដ្ឋានប្រជាជនកម្ពុជា ព្រមទាំងបានប្រព្រឹត្តបទឧក្រិដ្ឋកម្មទៅលើសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយការវាយប្រហារកម្ទេចប្រាសាទបុរាណនានារួមមាន៖ ប្រាសាទព្រះវិហារ, ប្រាសាទតាក្របី, ប្រាសាទខ្នារ, ប្រាសាទតាមាន់ធំ ដែលជាមរតក៌ប្រវត្តិសាស្ត្រដូនតាខ្មែរស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា។
យោធាថៃបានបាញ់កម្ទេច និងវាយបំផ្លាញគ្រប់យ៉ាងតាមទំនើងចិត្ត ក្រោមលេសសន្តិសុខរបស់ពួកគេ ដែលពុំដែលអនុញ្ញាតិឱ្យមានការផ្ទៀងផ្ទាត់ឱ្យបានជាក់ច្បាស់ ប៉ុន្តែតាមពិតទៅ វាគឺជាលេសដើម្បីធ្វើការឈ្លានពានយ៉ាងព្រៃផ្សៃ និងអមនុស្សធម៌មកលើដែនអធិបតេយ្យរបស់កម្ពុជាតែប៉ុណ្ណោះ។
ទង្វើឈ្លានពានរបស់យោធាថៃដែលកំពុងរំលោភអធិបតេយ្យភាពកម្ពុជាទាំងកម្រោលនេះ គឺបង្ហាញពីការរំលោភ ច្បាប់អន្តរជាតិមានជាអាទិ៍ គោលការណ៍សិទ្ធិមនុស្សអន្តរជាតិ អនុសញ្ញាក្រុងហ្សឺណែវឆ្នាំ១៩៤៩ ធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្កការសហប្រជាជាតិ កតិការសញ្ញាស្តីអំពីសម្បត្តិបេតិកភណ្ឌមនុស្សជាតិរបស់អង្កការយូណេស្កូ ព្រមទាំងកិច្ចព្រមព្រៀងជាក់ស្តែងនានារួមមាន បទឈប់បាញ់ទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលមានការចូលរួមសម្របសម្រួលដោយលោកប្រធានាធិបតេយ្យសហរដ្ឋអាមេរិក Donald J. Trump និងលោក Anvar Ibrahim ប្រធានាធិបតេយ្យនៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនរបស់អាស៊ាន និងក្រោយមកទៀត រដ្ឋាភិបាលនិងយោធាថៃនៅតែបន្តរំលោភសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ព្រមទាំងសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងយន្តការដើម្បីស្វែងរកសន្តិភាពនានា រួមទាំងការផ្សះផ្សារសម្របសម្រួលពីសំណាក់ប្រទេសចិន ដែលមានរដ្ឋមន្ត្រីការបរទេស វ៉ាង យី ធ្វើជាអ្នកសម្របសម្រួលដោយផ្ទាល់។
ផលប៉ះពាល់នៃបទឧក្រិដ្ឋធ្ងន់ធ្ងរដែលរដ្ឋាភិបាលនិងយោធាថៃបង្ករឡើង បានបណ្តាលឱ្យជនស៊ីវិល បាត់បង់អាយុជីវិត និងរងរបួសជាច្រើននាក់ ខណៈប្រជាជនកម្ពុជាជាងកន្លះលាននាក់រួមទាំងស្ត្រី និងកុមារ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋានរបស់ខ្លួន បង្ករឱ្យមានវិបត្តិមនុស្សធម៌ បំផ្លាញសុខសន្តិភាពដែលកម្ពុជាប្រកាន់ខ្ជាប់ និងបានធ្វើឱ្យខូចខាតដល់ស្មារតីស្នូលនៃសាមគ្គីភាពប្រជាជាតិអាស៊ាន បង្វែរទិសសហគមន៍មួយនេះដែលឆ្ពោះទៅរកសន្តិភាព និងវិបុលភាព ឱ្យធ្លាក់ចូលរណ្តៅអរិភាពកាន់តែខ្លាំងក្នុងតំបន់ និងចូលរួមបង្ករអស្ថិភាពក្នុងតំបន់ និងក្នុងសកលលោកទៅវិញ ៕

