ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើនិងសំណូមពររបស់អង្គការសង្គមស៊ីវិលដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ តាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ អគ្គនាយក តំណាងអគ្គស្នងការនគរបាលជាតិ អគ្គនាយករង និងប្រធាននាយកដ្ឋាន អង្គភាពចំណុះក្រសួងមហាផ្ទៃ ដែលជាអនុប្រធាន និងសមាជិក-សមាជិកានៃក្រុមការងារ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានមានប្រសាសន៍ថា កិច្ចប្រជុំនៅពេលនេះគឺមិនមែនត្រឹមតែជាការឆ្លុះបញ្ចាំងអំពីការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធប៉ុណ្ណោះទេប៉ុន្តែក៏ជាសក្ខីភាពមួយបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយរួមគ្នាទៅលើបញ្ហាប្រឈមនានាដែលកំពុងកើតមាននាពេលបច្ចុប្បន្នរបស់អង្គការសង្គមស៊ីវិល។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមអំពីសាវតារនៃការរៀបចំវេទិកានេះនាពេលកន្លងមកតាមរយៈលិខិតលេខ ៦៤០ សជណ.ផក ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ជូនក្រសួងមហាផ្ទៃ ធ្វើជាសេនាធិការក្នុងការរៀបចំវេទិកាស្តីពី “ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល” ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលរាជធានីខេត្ត តំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីស្របច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាថ្ងៃនេះ ជាពិសេសបានផ្តល់យោបល់ និងធាតុចូលយ៉ាងសំខាន់ៗទៅក្នុងអង្គប្រជុំ។
ទន្ទឹមនេះដែរ ឯកឧត្តម ប៊ុន ហុន ក៏បានដាក់ចេញនូវទិសដៅការងារមួយចំនួនជូនដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលជាសមាជិកនៃក្រុមការងារ ត្រូវត្រៀមខ្លួនសម្រាប់ចូលរួមក្នុងវេទិកាលើកទី៧ នាពេលខាងមុខនេះ ត្រូវយកចិត្តទុកដាក់លើការដោះស្រាយសំណើនិងសំណូមពររបស់អង្គការសង្គមស៊ីវិល ពិគ្រោះផ្តល់យោបល់លើខ្លឹមសារលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលទទួលបានមកវិញពីតំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ៕



















