កំពង់ស្ពឺ៖ កាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥កន្លងមកនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលនិងប្រគល់-ទទួល នូវសម្ភារៈជាមួយអាជីវ ដែលជាសប្បុរសជនខេត្តកំពង់ស្ពឺ បានជួយឧបត្ថម្ភគាំទ្រ ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
សប្បុរសជនចូលរួមឧបត្ថម្ភរួមមាន៖លោក ទៀ ឆេងឡុង ទឹកសុទ្ធចំនួន ១០០កេះ និងថវិកាចំនួន៥០០ដុល្លា, លោក ជា ស្រ៊ុន ទឹកសុទ្ធចំនួន ១០០កេះ និងថវិកាចំនួន ៥០០ដុល្លា, លោក ឌិន ឆេង ទឹកសុទ្ធចំនួន ១០០កេះ, លោក ជា ឡៃហុង ចំនួន ១០០$ ,ហាងលក់ម៉ូតូឈ្មោះ C.Hកំពង់ស្ពឺ ចំនួន ១០០ដុល្លា និងលោក លាង សុផាន់នី ចំនួន ៣៥០.០០០រៀលផងដែរ។សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាពផងដែរ ជាពិសេសនិងនាំយកបន្តទៅចែកជូនដល់ក្រុមគ្រួសារវីរះកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹក ដែលកំពុងតែត្រូវការជំនួយជាបន្ទាន់ ដោយសារតែការឈ្លានពានពីកងទ័ពសៀម នៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ កម្ពុជា-ថៃ។
ឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនទាំងអស់ ដែលតែងតែមានចិត្តសប្បុរសធម៌ ចូលរួមឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនាពេលកន្លងមកនិងពេលនេះ ហើយក៏បានជូនពរជ័យសេរីមង្គលដល់សប្បុរសជនគ្រប់គ្នា សូមឲ្យមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕



























