ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចុះបំពេញការងារជួយគាំទ្រដល់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការជួយដល់វីរយុទ្ធជន និងប្រជាជនភៀសសឹក និងចែកអំណោយដល់ប្រជាជនភៀសសឹក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចុះបំពេញការងារជួយគាំទ្រដល់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការជួយដល់វីរយុទ្ធជន និងប្រជាជនភៀសសឹក និងចែកអំណោយដល់ប្រជាជនភៀសសឹក


កំពង់ធំ៖
នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះបំពេញការងារនៅក្នុងខេត្តកំពង់ធំ ដើម្បីជួយនិងផ្តល់ការគាំទ្រដល់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការជួយដល់វីរយុទ្ធជន និងប្រជាជនភៀសសឹក ដោយសារការឈ្លានពានពីកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ឯកឧត្ដម ហួត ហាក់ និងឯកឧត្ដម ថោ ជេដ្ឋា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំជាច្រើនរូប។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំរួចមក, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ការចុះជួយគាំទ្រដល់រដ្ឋបាលខេត្តនាពេលនេះ គឺអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅជួយដោះស្រាយ ឧបត្ថម្ភ និងគាំទ្រដល់គ្រួសារវីវយុទ្ធជនពលី វីរយុទ្ធជនរងរបួស និងប្រជាជនភៀសសឹក ព្រមទាំងការត្រៀមខ្លួនជាយុទ្ធសាស្ត្រ និងការត្រៀមសម្របសម្រួលនិងការជួយសង្គ្រោះផ្សេងៗនៅមូលដ្ឋានខេត្តកំពង់ធំ ស្របទៅតាមការវិវត្តនៃស្ថានការណ៍ឱ្យបានល្អបំផុត។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្រុង ស្រុក ព្រមទាំងក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវប្តេជ្ញា តស៊ូ និងប្រកៀកស្មាគ្នា យកចិត្តទុកដាក់ដល់វីរយុទ្ធជនពលី សម្របសម្រួលរៀបចំពិធីបុណ្យសព ជាពិសេសត្រូវជួយឧបត្ថម្ភគាំទ្រដល់គ្រួសារវីរយុទ្ធជនពលី ឱ្យបានសមរម្យស្របទៅនឹងការលះបង់សាច់ស្រស់ ឈាមស្រស់ និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះវីរយុទ្ធជនរងរបួស ដើម្បីផ្ដល់ភាពកក់ក្ដៅទាំងផ្នែកសុខភាព ស្មារតី និងជីវភាពរស់នៅ ព្រមទាំងត្រូវរៀបចំសម្របសម្រួលជួយដល់ជនភៀសសឹកឱ្យបានល្អ សុខទុក្ខ និងបញ្ហាលំបាកនានារបស់បងប្អូន ពិសេសការដោះស្រាយកន្លែងស្នាក់នៅ តាមលទ្ធភាពដែលអាចធ្វើទៅបាន។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា «ក្នុងពេលនេះ យើងត្រូវបន្តរួមគ្នាជាធ្លុងមួយ រក្សាឱ្យបាននូវឯកភាពជាតិ សាមគ្គីភាព ជាកម្លាំងតែមួយ ទាំងរដ្ឋាភិបាល កងទ័ព និងទាំងប្រជាជន ក្នុងស្មារតីនិងការប្ដេជ្ញាចិត្តលើសពីធម្មតា ខិតខំប្រឹងប្រែង ចេះចែករំលែក និងលះបង់ឱ្យលើសពីធម្មតា ដើម្បីបុព្វហេតុជាតិនិងប្រជាជន ស្របតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានប្រកាសផ្តល់នូវអង្ករចំនួន ៤៥តោន និងស្បៀងផ្សេងៗទៀតដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីត្រៀមទុកផ្តល់ជូនប្រជាជនភៀសសឹក និងអ្នកខ្វះខាតផ្សេងទៀតផងដែរ ដោយក្នុងនោះលោកផ្ទាល់ចំនួន ២០តោន, ឯកឧត្ដម ហួត ហាក់ ចំនួន ១០តោន, ឯកឧត្ដម ថោ ជេដ្ឋា ចំនួន ១០តោន និងលោកជំទាវ កុយ ពិសី ចំនួន ៥តោន។

បន្ទាប់មក ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងប្រតិភូអមដំណើរ ក៏បានអញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយបងប្អូនជនភៀសសឹក ក្នុងមូលដ្ឋានក្រុងស្ទឹងសែន ដោយបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែបានគិតគូរជានិច្ចពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនទាំងអស់ដែលជាជនភៀសសឹក ក៏ដូចជាវីរយុទ្ធជនពលីនិងរងរបួស នៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែក នៅក្នុងខេត្តកំពង់ធំនាពេលនេះ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំដល់គណៈអភិបាលខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងក្រុមការងារចុះមូលដ្ឋានទាំងអស់ យកចិត្តទុកដាក់ដល់សុខទុក្ខរបស់បងប្អូនជនភៀសសឹក ទាំងការព្យាបាលជំងឺ ការថែទាំសុខភាព និងបញ្ហាប្រឈមនានា និងត្រូវជួយសម្រួលដល់ការចុះឈ្មោះចូលរៀនរបស់កូនចៅពួកគាត់ ដើម្បីទទួលបានការសិក្សារៀនសូត្រគ្រប់ៗគ្នា។ ជាមួយគ្នានេះ សូមបងប្អូនបន្តរក្សាភាពអត់ធ្មត់ ស៊ូទ្រាំ និងថែរក្សាសុខភាពឱ្យបានល្អ ក្នុងគ្រាដ៏លំបាកនេះ និងសូមជឿទុកចិត្តលើការដឹកនាំនិងសមត្ថភាពដោះស្រាយបញ្ហារបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ដែលកំពុងខិតខំធ្វើការមិនថាយប់ មិនថាថ្ងៃ ដើម្បីស្វែងរកមកវិញនូវសន្តិភាពជូនបងប្អូន និងការពារបាននូវអធិបតេយ្យភាព បូរណភាពទឹកដីរបស់យើង។

ក្នុងស្មារតីមនុស្សធម៌ ការចែករំលែក ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ និងដើម្បីជាការចូលរួមចំណែកបន្ធូរបន្ថយការលំបាករបស់ប្រជាជនភៀសសឹក ក្នុងពេលដ៏លំបាកនេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ, ឯកឧត្ដម ថោ ជេដ្ឋា, ឯកឧត្ដម ហួត ហាក់ ព្រមទាំងប្រតិភូអមដំណើរ បានពាំនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់ចែកជូនដល់បងប្អូនប្រជាជនភៀសសឹក ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ១បាវ, មី ២កេស, ត្រីខកំប៉ុង ១យួរ, ទឹកសុទ្ធ ២យួរ, មុង១, ឃីត ២កញ្ចប់ និងថវិកាចំនួន ៥០.០០០រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ៕
























Previous Post Next Post