បណ្ឌិត កៅ ថាច ចុះពិនិត្យកសិដ្ឋានចំនួន ៤ទីតាំងនៅខេត្តតាកែវ និងជំរុញឲ្យពង្រីកផលិតកម្ម ព្រមទាំងផ្តល់ទុនប្រាក់កម្ចីពី ARDB
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បណ្ឌិត កៅ ថាច ចុះពិនិត្យកសិដ្ឋានចំនួន ៤ទីតាំងនៅខេត្តតាកែវ និងជំរុញឲ្យពង្រីកផលិតកម្ម ព្រមទាំងផ្តល់ទុនប្រាក់កម្ចីពី ARDB


តាកែវ៖
នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យកសិដ្ឋានចំនួន ៤ទីតាំង ស្ថិតនៅក្នុងមូលដ្ឋានខេត្តតាកែវ។ ដំណើរចុះពិនិត្យនេះ មានគោលបំណងលើកទឹកចិត្ត ក្តាប់ស្ថានភាពជាក់ស្តែង និងជំរុញសកម្មភាពផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីបរទេស។
 
១-ដំណើរទស្សនកិច្ចកសិដ្ឋានគំរូចំនួន ៤ទីតាំងរួមមាន៖
* កសិដ្ឋាន លោក យក់ ចំរើនរិទ្ធ ដែលកំពុងពង្រីក និងដាំដុះបន្លែចម្រុះ ស្ថិតនៅភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។
* កសិដ្ឋាន លោក ស៊ន ចាន់បូរ ដែលកំពុងចិញ្ចឹមមេមាន់យកពង ស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
* កសិដ្ឋាន លោក សាប់ សារុន ដែលកំពុងចិញ្ចឹមបង្កង និងត្រី ស្ថិតនៅភូមិដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។
* កសិដ្ឋាន លោក សួង សង្ហា ដែលកំពុងចិញ្ចឹមត្រី ស្ថិតនៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

២-ការលើកទឹកចិត្ត និងការជំរុញផលិតកម្ម
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងការកោតសរសើរ និងលើកទឹកចិត្ត ដល់ម្ចាស់កសិដ្ឋានទាំងបួន ឲ្យបន្តពង្រឹង និងពង្រីកការដាំដុះ និងការចិញ្ចឹមបន្ថែមទៀត ឲ្យបានកាន់តែច្រើន និងមានទំហំធំ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកឲ្យបានពេញលេញ និងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលផលិតផលកសិកម្មពីបរទេស។

៣-កញ្ចប់ហិរញ្ញប្បទានពី ARDB
ទន្ទឹមនឹងការជំរុញផលិតកម្ម ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានទាំងអស់ អាចធ្វើការទាក់ទងមកធនាគារ ARDB ដើម្បីទទួលបានទុនវិនិយោគបន្ថែម ជាមួយនឹងអត្រាការប្រាក់អនុគ្រោះ ពិសេសសម្រាប់ពង្រីកខ្សែសង្វាក់ផលិតកម្ម។ នេះជាយន្តការមួយរបស់រាជរដ្ឋាភិបាល តាមរយៈ ARDB ក្នុងការគាំទ្រដល់កសិករ និងកសិដ្ឋានខ្នាតតូច និងមធ្យម ឲ្យមានលទ្ធភាពពង្រីកអាជីវកម្ម។

៤- ការចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តឲ្យម្ចាស់កសិដ្ឋានចូលរួមចងក្រងជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីងាយស្រួលក្នុងការតភ្ជាប់គ្នា រវាង៖
* ទទួលបានកម្ចី ដើម្បីយកទៅពង្រីកមុខរបរ 
* ទទួលបាន បច្ចេកទេស ពីអ្នកជំនាញតាមផ្នែក 
* ភ្ជាប់ទៅកាន់ ទីផ្សារ 
សមាគមបណ្តាញកសិករតេជោនឹងដើរតួនាទីជាស្ពានភ្ជាប់ដ៏សំខាន់មួយ ក្នុងការជួយសម្របសម្រួល និងធានានូវចីរភាពនៃការដាំដុះ និងការចិញ្ចឹមរបស់កសិករ និងកសិដ្ឋានកម្ពុជា។

ដំណើរចុះពិនិត្យនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងជីវភាពកសិករ តាមរយៈការគាំទ្រទាំងទុន ទាំងបច្ចេកទេស និងទីផ្សារ ៕


















Previous Post Next Post