កិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយតំបន់ភូមិភាគស្វយ័ត Xizang ប្រទេសចិន នឹងបើកទំព័រថ្មី នៃការពង្រីកកិច្ចសហប្រតិបត្តិការ និងជាកម្លាំងចលករបន្ថែមដល់ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយតំបន់ភូមិភាគស្វយ័ត Xizang ប្រទេសចិន នឹងបើកទំព័រថ្មី នៃការពង្រីកកិច្ចសហប្រតិបត្តិការ និងជាកម្លាំងចលករបន្ថែមដល់ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥


ភ្នំពេញ៖
នាល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Jian Can អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនតំបន់ភូមិភាគស្វយ័ត Xizang និងគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈយោបល់កម្រិតខ្ពស់លើវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្តម Jian Can អនុប្រធានគណៈកម្មាធិការអចិនន្ត្រៃយ៍ បានជម្រាបអំពីការអភិវឌ្ឍន៍តំបន់ភូមិភាគស្វយ័ត Xizang រយៈពេល៦០ឆ្នាំ ចុងក្រោយក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញជាយុទ្ធសាស្រ្ត របស់ឯកឧត្តមប្រធានរដ្ឋ ស៊ី ជីភីង ផ្ទាល់ បានធ្វើឱ្យតំបន់ភូមិភាគស្វយ័ត មានការប្រែប្រួលគ្រប់វិស័យ ការកាត់បន្ថយភាពក្រីក្រ រួមទាំងបានលើកម្ពស់ជីវភាព និងលក្ខខណ្ឌរស់នៅរបស់ជនជាតិភាគតិច Zang ជាពិសេសការអភិវឌ្ឍន៍វិស័យទេសចរណ៍វប្បធម៌ ធម្មជាតិ និងសាសនា ប្រកបដោយចីរភាព និងការអភិរក្សដ៏គត់មុតរហូតអាចទទួលបានភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិលើសពី ៥០លាននាក់ក្នុងមួយឆ្នាំ។

ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានចែករំលែកនូវបទពិសោធណ៍នានាក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត និងអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីទៅទស្សនកិច្ចផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជន និងវិនិយោគិន និងដកស្រង់បទពិសោធន៍ផ្ទាល់។ 

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ឯកឧត្តមប្រធានគណៈប្រតិភូ ចំពោះការអញ្ជើញទស្សនកិច្ចដ៏មានសារៈសំខាន់ និងជាការបើកទំព័រសហប្រតិបត្តិការដ៏ល្អជាមួយគ្នា និងការចែករំលែកបទពិសោធន៍ល្អៗ នាពេលនេះ។

ឆ្លៀតក្នុងឱកាសជំនួបប្រកបដោយលទ្ធផលល្អនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឯកឧត្តមប្រធានគណៈប្រតិភូ ជួយផ្សព្វផ្សាយពីសភាពការណ៍ពិតរបស់ប្រទេសកម្ពុជាដែលកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាព និងការរីកចម្រើនគ្រប់វិស័យ និងសក្តានុពលទេសចរណ៍ដ៏សំបូរបែប។ 

ទន្ទឹមនឹងនេះដែរ​ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឯកឧត្តមប្រធានគណៈប្រតិភូ ពិនិត្យលើលទ្ធភាព បង្កើតការហោះហើត្រង់មកកាន់រាជធានីភ្នំពេញ ឬ តំបន់ទេសចរណ៍ដូចជាខេត្តសៀមរាប ការរៀបចំវេទិកាធុរកិច្ចទេសចរណ៍ និងដំណើរសិក្សាស្វែងយល់អំពីសក្តានុពលវិនិយោគរបស់ប្រទេសកម្ពុជា។ 

ភាគីទាំងពីរ ក៏បានឯកភាពគ្នាពិនិត្យលទ្ធភាពរៀបចំ និងចុះអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិ​បត្តិការទេសចរណ៍ ដោយគ្រោងចុះក្នុងអំឡុងពេលទស្សនកិច្ចការងាររបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ទៅតំបន់ភូមិភាគស្វយ័ត Xizang នាដើមឆ្នាំ២០២៦ ខាងមុខនេះ ៕



















Previous Post Next Post