ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា៖ អាល្លឺម៉ង់បានផ្ដល់គំរូល្អជាច្រើនសម្រាប់រៀនសូត្រយកចំណេះដឹងមកចូលរួមបម្រើប្រទេសជាតិ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា៖ អាល្លឺម៉ង់បានផ្ដល់គំរូល្អជាច្រើនសម្រាប់រៀនសូត្រយកចំណេះដឹងមកចូលរួមបម្រើប្រទេសជាតិ


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានមានប្រសាសន៍ចាត់ទុកប្រទេស និងប្រជាជនអាល្លឺម៉ង់ គឺជាគំរូល្អមួយដែលប្រជាជនកម្ពុជាគួររៀនសូត្រតាមនូវតម្លៃវប្បធម៌ ចំណេះជំនាញផ្សេងៗ យកគំរូល្អទាំងនោះមកចូលរួមកសាងប្រទេសកម្ពុជាឱ្យរីកចម្រើនរុងរឿងបន្ថែមទៀត។

ក្នុងពិធីទទួលគ្រឿងឥស្សរិយយសជាន់ខ្ពស់ Grand Cross of Merit With Star of the Order  of Merit of the Federal Republic of Germany ពីឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានស្ថានទូតអាល្លឺម៉ង់ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានសម្ដែងការពេញចិត្តយ៉ាងខ្លាំងចំពោះវប្បធម៌អាល្លឺម៉ង់។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំមានក្ដីរំភើបដែលបានទទួលគ្រឿងឥស្សរិយយសជាន់លំដាប់ទី២ដែលមានតម្លៃស្មើគ្រឿងឥស្សរិយយស ជាតូបការនៅកម្ពុជា ជាពិសេសបានរៀនសូត្រពីអាល្លឺម៉ង់ ព្រោះអាល្លឺម៉ង់មានវប្បធម៌ល្អណាស់ មានវិន័យក្នុងការធ្វើការច្បាស់លាស់ ធ្វើអ្វីគឺមុតមាំ ដែលជាទុនសម្រាប់ខ្ញុំសម្រាប់បម្រើប្រទេសជាតិប្រកបដោយវិន័យ ប្រកបដោយភាពទៀងទាត់ ប្រកបដោយអំណត់ឧស្សាហ៍ព្យាយាម»។

ទន្ទឹមនឹងក្ដីរំភើបនេះ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានគូសបញ្ជាក់ថា គ្រឿងឥស្សរិយយសដែលផ្ដល់ ដោយឯកឧត្តមបណ្ឌិត Frank Walter Steinmeier ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជានេះ វាគឺជាកិត្តិយសលើកទីមួយហើយដែលពលរដ្ឋកម្ពុជា ម្នាក់ត្រូវបានផ្តល់ពានរង្វាន់ពីប្រទេសអាល្លឺម៉ង់។

ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការផ្ដល់គ្រឿងឥស្សរិយយសកំពូលទី២ដល់ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ជាការទទួលស្គាល់នូវការខិតខំរបស់ឯកឧត្តមបណ្ឌិតដែលបានធ្វើឱ្យទំនាក់ទំនង អាល្លឺម៉ង់-កម្ពុជា កាន់តតែល្អប្រសើរ។

សូមជម្រាបជូនថា ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានរស់នៅនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ជាង១ទសវត្សរ៍ ដោយជីវិតជានិស្សិត៩ឆ្នាំ តាំងពីថ្នាក់អនុបណ្ឌិតរហូតដល់ថ្នាក់បណ្ឌិត និងបានសរសេរនិក្ខេបបទជាភាសាអាល្លឺម៉ង់ថែមទៀត។ លើសពីនេះទៅទៀត ឯកឧត្តមធ្លាប់ធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអាល្លឺម៉ងចាប់ពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៣។ និយាយជារួមទាំងជីវិតសិក្សា និងការងារ របស់ឯកឧត្តម បានរស់នៅប្រទេសអាល្លឺម៉ង១៥ឆ្នាំកន្លះ។ ដូច្នេះហើយឯកឧត្តម អាចនិយាយ និងស្គាល់វប្បធម៌អាល្លឺម៉ង់យ៉ាងច្បាស់លាស់ ៕







Previous Post Next Post