ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានចេញញត្តិថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងគឃ្លីនពីសំណាក់កងទ័ពថៃ ដែលបានបើក ការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៥០នាទីរសៀល នៅ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យបាត់បង់ជីវិតប្រជាពលរដ្ឋខ្មែរ ១នាក់ និងរបួសច្រើននាក់។ ទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបាន រំលោភបំពានលើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។
យើងខ្ញុំទាំងអស់សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពាន សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយ ម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ ទន្ទឹមនេះ យើងខ្ញុំ ក៏សូមអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយ មួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅ របស់សំណាក់កងទ័ពថៃ ដែលបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅលើទឹកដីកម្ពុជា ៕


