ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសដាច់អហង្កកា ចំពោះការបាញ់ប្រហាររបស់ ទាហានថៃមកលើប្រជាជនខ្មែរ ដែលជាជនស៊ីវិលស្លូតត្រង់ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ កាលពីវេលាម៉ោង១៥:៥០នាទី ក្នុងថ្ងៃទីពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឱ្យប្រជាជន ខ្មែរ ០១រូប បាត់បង់អាយុជីវិត និងជាច្រើននាក់ទៀតរងរបួស។
ការវាយប្រហារនេះ ជាអំពើឃោរឃៅយង់ឃ្នង អមនុស្សធម៌ ដែលមិនត្រឹមជាការំលោភបំពានលើ អធិបតេយ្យរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភបំពានធ្ងន់ធ្ងរលើសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រម ព្រៀងសន្តិភាព ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលាថ្មីៗកន្លងទៅនេះ អំឡុងពេលដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានវត្តមានជាសាក្សី ពី ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។ សកម្មភាពបាញ់ប្រហាររបស់ភាគីថៃ ក៏ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
រដ្ឋសភាកម្ពុជា បានសង្កេតឃើញថា ភាគីថៃបានព្យាយាមរំលោភកិច្ចព្រមព្រៀងឆ្ពោះទៅរកការដោះ ស្រាយបញ្ហាដោយសន្តិវិធី ដែលខ្លួនបានធ្វើឡើងជាមួយកម្ពុជាម្តងហើយម្តងទៀត ទោះបីជាមានសហគមន៍អន្តរ ជាតិជាសាក្សីយ៉ាងណាក្តី។ ភាគីថៃមិនមានឆន្ទៈពិតប្រាកដ ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌ ដែលបាន ព្រមព្រៀងឡើយ ដូចជាករណីការបដិសេដបញ្ជូនវីរៈកងទ័ពកម្ពុជាចំនួន ១៨នាក់ ដែលខ្លួនបានចាប់ទាំងខុសច្បាប់ មកកម្ពុជាវិញក្នុងថ្ងៃទី១២ ខែវិច្ឆិកានេះ ជាដើម។ ទន្ទឹមគ្នានេះ ភាគីថៃតែងតែរកលេសឈ្លានពានកម្ពុជា។
រដ្ឋសភាកម្ពុជា សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើខុសច្បាប់ របស់ភាគីថៃ ដោយទាមទារឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ។
រដ្ឋសភាកម្ពុជា សូមអំពាវនាវឱ្យថៃបញ្ឈប់ជាបន្ទាន់រាល់អរិភាព ដែលគំរាមកំហែងដល់សន្តិភាព និង ស្ថិរភាពតំបន់ និងងាកមកគោរពសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចក្រោមច្បាប់ អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ភាពជឿជាក់ និងគាំទ្រទាំងស្រុងលើចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាសន្តិភាព និងការពារអធិបតេយ្យ បូរណភាពដែនដី ឯករាជ្យ និងសុវត្តិភាពប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាកំពូលស្ថាបនិក អគ្គមគ្គុទេសន៍ និងបិតាសន្តិភាព ៕


