ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃលើជនស៊ីវិលខ្មែរ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃលើជនស៊ីវិលខ្មែរ


ភ្នំពេញ៖
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃលើជនស៊ីវិលខ្មែរ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់ប្រហារដោយគ្មានហេតុផលរបស់ កងកម្លាំងថៃមកលើជនស៊ីវិលខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យជនស៊ីវិលម្នាក់ស្លាប់ និង ៣នាក់រងរបួស។

ឧប្បត្តិហេតុនេះបង្ហាញពីការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ដូចជាការបំពានយ៉ាងគឃ្លីនចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាន នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការតាមរយៈស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ ហើយនឹងចាត់វិធានការ សមស្របដើម្បីតាមដាន រួមទាំងការស៊ើបអង្កេតនៅនឹងកន្លែងអំពីការបាញ់សម្លាប់ជនស៊ីវិល ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ានផងដែរ។ កម្ពុជាស្វាគមន៍ចំពោះការគាំទ្រ និងការចូលរួមពីគ្រប់ដៃគូដែលពាក់ព័ន្ធក្នុងការស៊ើបអង្កេតនេះ។

កម្ពុជាសូមបញ្ជាក់ថា ចាប់តាំងពីមានបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក កម្ពុជាបានអនុវត្តការអត់ធ្មត់ជាទីបំផុត ដោយមិនចាត់វិធានការតបតទៅនឹងសកម្មភាពញុះញង់ឥតឈប់ឈរ រួមទាំងការបាញ់ប្រហារលើជនស៊ីវិលដ៏ឃោរឃៅនាពេលនេះ ក្នុងគោលបំណងរក្សាឱ្យបាននូវបទឈប់បាញ់នេះ។

ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជាតិទាំងពីរ និងសម្រាប់តំបន់ទាំងមូល រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ការគំរាមកំហែង និងការប្រើប្រាស់កម្លាំង ហើយងាកទៅ ប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពគ្នាទៅវិញទៅមក ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដូចមានចែងក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ៕


Previous Post Next Post