ក្រសួងបរិស្ថាន ជំរុញការអភិវឌ្ឍតំបន់ទេទឹកពុះនឹងកាន់តែមានការទាក់ទាញ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងបរិស្ថាន ជំរុញការអភិវឌ្ឍតំបន់ទេទឹកពុះនឹងកាន់តែមានការទាក់ទាញ


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសៅរ៍ទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានអញ្ជើញជួបសំណះសំណាល និងប្រកាសផ្តល់អំពូលសូឡា ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុនម៉ាណែត ជូនដល់ប្រជាពលរដ្ឋនៅតំបន់ទេទឹកពុះចំនួន៣០៦ គ្រួសារ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ក្នុងភូមិសាស្រ្តឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
 
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនចំពោះអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី និងអ្នកទេសចរណ៍ ដែលមកកម្សាន្តនៅតំបន់ទេទឹកពុះជាច្រើននាក់ផងដែរ។ 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រសួងបរិស្ថានជាបន្តបន្ទាប់ នៅក្នុងឆ្នាំ២០២៥នេះ បានរៀបចំគម្រោងអភិវឌ្ឍន៍តំបន់ទេទឹកពុះ ស្របតាមអនុសាស្រ្តដឹកនាំរបស់ សម្តេចប្រមុខរាជរដ្ឋាភិបាល និង យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលរួមមានសសរស្តម្ភ៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព ក្នុងនោះគម្រោងអភិវឌ្ឍន៍ ផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្នុងសហគមន៍កោដូន្តីនេះ ការដាំដើមឈើ ដាំផ្កាលម្អ មានទីតាំងវប្បធម៌ កន្លែងទីសក្ការៈបូជា មជ្ឈមណ្ឌលព័ត៌មាន សម្រាប់អ្នកទេសចរ មានកន្លែងស្នាក់នៅ កន្លែងលក់ដូរសម្រាប់សហគមន៍ មានចំណតយានយន្ត បន្ទប់ទឹក បន្ទប់អនាម័យ និងកន្លែងអង្គុយត្រាំទឹកក្តៅ ដែលកើតចេញពីធម្មជាតិ និងជួយសម្រួលដល់ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន ដែលមានបំណងត្រាំទឹក ងូតទឹក និងព្យាបាលជំងឺតាមបែបធម្មជាតិ។ 

លើសពីនេះ ក្រសួងបរិស្ថាន មានគម្រោងដែលត្រូវអនុវត្តឆាប់ៗនាពេលខាងមុខដែរនោះ គឺការបណ្តុះបណ្តាលសមត្ថភាព ដល់សមាជិកសហគមន៍ ផ្តល់សេវាកម្មទេសចរណ៍ឱ្យបានល្អប្រសើរ តាមរយៈភាពស្អាតពីខាងក្នុង គឺមានភាពស្មោះត្រង់ លក់ដូរក្នុងតម្លៃសមរម្យ មិនកាប់មិនកោ និងប្រែក្លាយសហគមន៍ ឱ្យមានសមត្ថភាពក្លាយជាសហគ្រិនភាព ដែលជួយលើកស្ទួយជីវភាពប្រជាសហគមន៍ឱ្យមានចីរភាព។ 

គួរជម្រាបជូនថា តំបន់ទេទឹកពុះមានសក្តានុពលធម្មជាតិដ៏ល្អនិងកម្រមួយ គឺមានបាតុភូតធម្មជាតិចម្លែក មានទឹកពុះធម្មជាតិ ដែលទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០អង្សារសេ និងមានវាលស្មៅខ្ពស់ៗដ៏ស្រស់ស្អាត ហើយប្រជាជននៅក្នុងតំបន់នោះ ដែលជាជនជាតិដើមភាតិចសួយ រស់នៅ និងមានជំនឿថាជាតំបន់ដ៏ស័ក្ដិសិទ្ធិ មានទេសភាពធម្មជាតិដ៏ល្អប្រណិត និងមានអ្នកទេសចរណ៍ ជាច្រើនមកលំហែកម្សាន្ត ខ្លះអាចចុះត្រាំទឹក និងមានជំនឿក្នុងការព្យាបាលជំងឺតាមបែបធម្មជាតិ ដោយការត្រាំ និង ងូតទឹកក្តៅ កើតចេញពីធម្មជាតិ ឱ្យជាសះស្បើយបានផងដែរ។
 
នៅក្នុងដើមឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមានការអភិវឌ្ឍតំបន់ទេទឹកពុះ ឱ្យទៅជាតំបន់គោលដៅលំហែបៃតងគួរឱ្យទាក់ទាញបំផុតមួយនៅកម្ពុជា ដើម្បីធនាការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញឱ្យក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដាក់ចេញនូវទិសដៅអភិវឌ្ឍន៍ជាគោលដៅលំហែបៃតង ជំរុញការអភិវឌ្ឍជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ឱ្យមានការរីកចម្រើន និងប្រែក្លាយជាតំបន់អព្យាក្រឹតកាបូន។ ជាមួយគ្នានេះដែរ តំបន់ទេទឹកពុះ មានការពេញនិយម ពីប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន ៕















Previous Post Next Post