ភ្នំពេញ៖ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ភាពជាអ្នកដឹកនាំ” ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច សម្រាប់សិក្ខាកាមចំនួន៥០នាក់ ជាមន្រ្តីរាជការក្រសួង និងមន្ទីរអធិការកិច្ច រាជធានី/ខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។
ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការអភិវឌ្ឍសមត្ថភាពមន្រ្តីក្នុងវិស័យអធិការកិច្ចលើ ភាពជាអ្នកដឹកនាំ ជាពិសេសតាមរយៈវគ្គបណ្ដុះបណ្ដាលនេះ ដែលផ្ដោតលើភាពជាអ្នកដឹកនាំផ្អែកលើទំនុកចិត្ត ការបង្កើនប្រសិទ្ធភាពរបស់ក្រុមការងារអធិការកិច្ចនិងការបណ្ដុះបណ្ដាលធនធានយុវជន និងការទំនាក់ទំនងនិងការគ្រប់គ្រងជម្លោះប្រកបដោយប្រសិទ្ធភាព គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការដឹកនាំ និងការសម្រេចចិត្តក្នុងការងារអធិការកិច្ច ដូចកំណត់ក្នុងយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ក្នុងការជំរុញនិងបង្កើនសមត្ថភាពស្ថាប័ន ស្របជាមួយនឹងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រូឧទ្ទេស ថ្នាក់ដឹកនាំនិងមន្ត្រីនៃវិទ្យាស្ថានជាតិអធិការកិច្ច ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំ និងធ្វើឱ្យវគ្គបណ្ដុះបណ្ដាលនេះបញ្ចប់ប្រកបដោយភាពជោគជ័យខ្ពស់។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗដល់សិក្ខាកាមទាំងអស់ក្នុងការចូលរួមអនុវត្តនូវគោលការណ៍នានានៃភាពជាអ្នកដឹកនាំឱ្យបានខ្ជាប់ខ្ជួន ក៏ដូចជាផ្សព្វផ្សាយនូវចំណេះដឹងថ្មីៗដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលទៅកាន់សហការីនៅតាមអង្គភាពរបស់ខ្លួន ដើម្បីជាពុទ្ធិបន្ថែមក្នុងការបន្តចូលរួមចំណែកអភិវឌ្ឍប្រព័ន្ធត្រួតពិនិត្យ ក៏ដូចជាលើកកម្ពស់ និងពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ៕





















