គីហ្គាលី៖ នៅថ្ងៃតី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្រ្វង់កូហ្វូនីលើកទី៤៦ ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគីហ្គាលី ប្រទេសរវ៉ាន់ដា។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានអញ្ជើញឡើងថ្លែងបទអន្តរាគមន៍លើប្រធានបទមួយចំនួនរួមមាន ការតាមដានការប្ដេជ្ញាចិត្តនៃសេចក្ដីថ្លែងការណ៍ Villers-Cotterêts ដែលបានអនុម័តកាលពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩, ៣០ឆ្នាំ ក្រោយសន្និសីទទីក្រុងប៉េកាំង ការចូលរួមចំណែករបស់ស្ត្រីនៅក្នុងលំហហ្វ្រង់កូហ្វូន ព្រមទាំងកិច្ចសហប្រតិបត្តិការពហុភាគីនិយមហ្វ្រង់កូហ្វូន និងបញ្ហារដ្ឋបាល និងហិរញ្ញវត្ថុរបស់អង្គការ OIF ៕






