ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន គ.ភ.ឃ.ស. ចុះផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព" របស់រាជរដ្ឋាភិបាល ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅសាលប្រជុំសន្និបាត ២០២១ ទីស្តីការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការក្រសួង អគ្គនាយក អគ្គាធិការ អគ្គនាយករង អគ្គាធិការរង និងប្រធាននាយកដ្ឋាន តំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ប្រធានមន្ទីរ និងអនុប្រធានមន្ទីរ ដនសស រាជធានីខេត្ត ប្រធានការិយាល័យ ដនសភ ក្រុង ស្រុក ខណ្ឌ និងសមាជិក សមាជិកា សរុបចំនួន ៦១៧នាក់។
នៅចុងបញ្ចប់កម្មវិធី ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលេខាធិការគាំទ្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានប្រគល់សៀវភៅនែនាំ ស្តីពីការអនុវត្តគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព" ចំនួន ១០០ក្បាល ជូនដល់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ផងដែរ ៕








