ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីយុវជនឆ្ពោះទៅអាជីវកម្មកម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ “ការបណ្តុះ និងរៀបចំគំនិតអាជីវកម្មក្នុងបរិបទឌីជីថលភាវូបនីយកម្ម របស់យុវជនជំនាន់ហ្ស៊ី” ដែលមានវត្តមានអញ្ជើញចូលរួមដោយ លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក ឡុង ម៉េងឈុន ប្រធានសមាគមនិស្សិតវិទ្យាសាស្រ្តសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា អ្នកឧកញ៉ា លោក លោកស្រី វាគ្មិនកិត្តិយស តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសិស្សានុសិស្ស ជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះសមាគម AIESEC ដែលបានផ្តួចផ្តើមរៀបចំកម្មវិធី “វេទិកាយុវជនឆ្ពោះទៅកាន់អាជីវកម្ម” នេះទ្បើងជារៀងរាល់ឆ្នាំ ជាមួយនឹងរបៀបវារៈសម្បូរបែបឆ្លើយតបទៅនឹងឱកាសនិងតម្រូវការរបស់យុវជន ស្របតាមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានជំរុញ និងលើកទឹកចិត្តដល់ប្អូនៗយុវជនដែលជាទ្រព្យសកម្មរបស់ជាតិ ឲ្យបន្តខិតខំប្រឹងប្រែងក្នុងការសិក្សាស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសត្រៀមខ្លួនក្នុងការទទួលយកនូវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត។
មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់យុវជនទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព និងខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ ពង្រឹងចំណេះដឹង បទពិសោធន៍ ព្រមទាំងកំណត់គោលដៅឱ្យបានច្បាស់លាស់សម្រាប់ជីវិត ជាពិសេសកំណត់គោលដៅឱ្យបានច្បាស់លាស់នូវប្រភពជំនួយនៅពេលជួបប្រទះបញ្ហាប្រឈមនានា ៕
























