ភំ្នពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីណែនាំ និងពង្រឹងការកំណត់អត្តសញ្ញាណរកភាពរងគ្រោះដោយអំពើជួញដូរមនុស្ស នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
កិច្ចប្រជុំនេះ មានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ស៊ូ ប៊ុនសួរ អនុប្រធានសេនាធិការដ្ឋាន, លោកឧត្តមសេនីយ៍ត្រី តាន់ វណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, លោក/លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន នាយ/នាយរងការិយាល័យ និងមន្ត្រីទាំងអស់ចំណុះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, លោក/លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ ចំណុះស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានមានប្រសាសន៍ថា ការលើកកម្ពស់ប្រព័ន្ធកំណត់អត្តសញ្ញាណ និងការរៀបចំរបាយការណ៍ជាស្តង់ដារ គឺជាមូលដ្ឋានសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពការស្រាវ ការផ្តល់ជំនួយបឋម និងការប្រមូលភស្តុតាងដល់តុលាការ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមថា “អំពើជួញដូរមនុស្សមានភាពស្មុគស្មាញ និងប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្ពស់ ដូច្នេះការអភិវឌ្ឍវិធីសាស្រ្តកំណត់អត្តសញ្ញាណ និងការធ្វើរបាយការណ៍ច្បាស់លាស់ធ្វើឱ្យយើងអាចការពារ និងជួយសង្រ្គោះជនរងគ្រោះបានទាន់ពេល”។ ការកំណត់អត្តសញ្ញាណរកភាពរងគ្រោះដោយអំពើជួញដូរមនុស្ស សម្រាប់ប្រើប្រាស់ក្នុងការស្រាវ ការចុះសម្ភាសផ្ទាល់ និងការប្រមូលព័ត៌មាន ជាវិធីសាស្រ្តកំណត់អត្តសញ្ញាណជនរងគ្រោះតាមស្ដង់ដារអន្តរជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានបន្តថា កម្លាំងនគរបាលត្រូវពង្រឹងការងារចុះត្រួតពិនិត្យ និងយកចិត្តទុកដាក់លើអ្នករងគ្រោះ ជាពិសេសកុមារ ស្ត្រី និងកម្មករផងដែរ ព្រមទាំងពង្រឹងការសហការជាមួយស្ថាប័ន NGO និងស្ថាប័នអន្តរជាតិ ដើម្បីឱ្យការការពារជនរងគ្រោះមានប្រសិទ្ធភាពខ្ពស់ជាងមុន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំនេះជួយបង្កើតចំណេះដឹងថ្មី និងគាំទ្រការអនុវត្តប្រព័ន្ធកំណត់អត្តសញ្ញាណស្តង់ដារជាតិដល់អង្គភាពពាក់ព័ន្ធទាំងអស់។ នេះជាជំហានថ្មីមួយក្នុងការបង្កើនសមត្ថភាពកម្លាំងអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ និងបំបាត់អំពើជួញដូរមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់ស្នងការរងរាជធានី-ខេត្ត ដែលទទួលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងសូមជូនពរ ឱ្យការធ្វើដំណើរត្រឡប់ទៅវិញប្រកបដោយសុខសុវត្ថិភាព និងពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕



















