ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើដំណើរទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី (សន្និសីទ CMF) លើកទី៤៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគីហ្គាលី សាធារណរដ្ឋរវ៉ាន់ដា តាមការអញ្ជើញរបស់ ឯកឧត្តម Jean-Noël BARROT រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង និងឯកឧត្តម Olivier J.P. NDUHUNGIREHE រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋរវ៉ាន់ដា។
ក្រោមមូលបទ «៣០ឆ្នាំបន្ទាប់ពីសន្និសីទទីក្រុងប៉េកាំង៖ ការរួមចំណែករបស់ស្ត្រីនៅក្នុងបណ្តា ប្រទេសហ្វ្រង់កូហ្វូន» សន្និសីទ CMF លើកទី៤៦ គឺជាឱកាសមួយសម្រាប់រដ្ឋមន្ត្រីនៃប្រទេសសមាជិក អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងអ្នកចូលរួមទាំងអស់ អាចផ្លាស់ប្តូរយោបល់អំពីបញ្ហាប្រឈម ទាក់ទងនឹងការវិវត្តនៃស្ថានភាពស្ត្រីនៅក្នុងប្រទេសហ្វ្រង់កូហ្វូន ព្រមទាំងគូសបញ្ជាក់ឡើងវិញនូវការប្តេជ្ញានានា ដែលត្រូវបានអនុម័តអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន លើកទី១៩ ឆ្នាំ២០២៤។
ក្នុងនាមកម្ពុជាជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជម្រាបជូនសន្និសីទនូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការងារត្រៀមរៀបចំ កិច្ចប្រជុំកំពូលនេះ។ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទ CMF លើកទី៤៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវអគ្គលេខាធិការអង្គការ OIF ព្រមទាំងរដ្ឋមន្ត្រីមួយចំនួនទៀត នៃបណ្តាប្រទេសសមាជិក OIF ដើម្បីពង្រឹង និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មុនសន្និសីទ CMF លើកទី៤៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋរវ៉ាន់ដា តបតាមការអញ្ជើញរបស់ ឯកឧត្តម Olivier J.P. NDUHUNGIREHE រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋរវ៉ាន់ដា។ អំឡុងពេលនៃទស្សនកិច្ច ភាគីទាំងពីររំពឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងទាំងពីរ ដែលជាជំហានដ៏សំខានឆ្ពោះទៅពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអាន់ដា ៕




