ស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានផ្តាំផ្ញើដល់មន្រ្តីរាជការដែលទើបបានតំណែងថ្មី ត្រូវតម្កល់នូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ ត្រូវអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែកធ្វើឱ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តស្ទឹងត្រែងឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
ការលើកឡើងនេះនាឱកាសដែលឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកនាយករងរដ្ឋបាល-នាយករងទីចាត់ការសាលាខេត្ត អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ នៃមន្ទីរ-អង្គភាពជុំវិញខេត្ត និងនាយកសាលាបឋមសិក្សា នៃរដ្ឋបាលក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាអភិបាលរងខេត្ត នៃគណៈអភិបាលខេត្ត គណៈអភិបាល ក្រុង/ស្រុក ប្រធាន-អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើសុំដល់ប្រធានមន្ទីរ អង្គភាព ត្រូវធ្វើការវាយតម្លៃក្នុងការតែងតាំងមន្រ្តីរបស់ខ្លួនឱ្យសមស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងធ្វើការនៅក្នុងអង្គភាព។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ពិធីប្រកាសតែងតាំងមុខតំណែងនេះ គឺជាការបញ្ជាក់ជូនដល់មន្រ្តីទាំងអស់ឱ្យខិតខំប្រឹងប្រែងធ្វើការ និងយកចិត្តទុកដាក់រួបរួមគ្នាបំពេញការងារបន្ថែមទៀត ដើម្បីឱ្យអង្គភាពនីមួយៗទទួលបានការរីកចម្រើន និងទទួលបានតួនាទីគ្រប់ៗគ្នា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា បានជំរុញបន្ថែមទៀតដល់មន្ត្រីទាំងអស់ ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានា ពាក់ព័ន្ធនិងតួនាទីភាកិច្ចរបស់ខ្លួន នឹងត្រូវបង្កើនកិច្ចសហការល្អរវាងទីចាត់ការ អង្គភាព និងផ្នែកជំនាញនីមួយៗឱ្យបានល្អប្រសើរ ក្នុងការបំពេញភារកិច្ចដោយឈរលើស្មារតី ទទួលខុសត្រូវខ្ពស់ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តគោលការណ៍ច្បាស់លាស់ និងភាពម្ចាស់ការ ព្រមទាំងត្រូវយកចិត្តទុកដាក់បន្តលើកកម្ពស់ការអភិវឌ្ឍន៍សមត្ថភាព ដើម្បីធានាបាននូវការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយសក្តានុពល និងសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយត្រូវតម្កល់ប្រយោជន៍រួមរបស់អង្គភាពជាអាទិភាព។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា គ្រប់មន្រ្តីដែលស្ថិតក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ត្រូវរៀបចំដាក់ចេញនូវផែនការសកម្មភាពការងារតាមទីចាត់ការ អង្គភាព ផ្នែក និងការិយាល័យនីមួយៗ ដើម្បីរួមចំណែកជាមួយថ្នាក់ដឹកនាំខេត្ត ក្នុងការឆ្លើយតបទៅនឹងគោលបំណង ក៏ដូចជាគោលដៅយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប ដោយគិតបណ្ឌិត របស់ សម្តេចបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី នៃកម្ពុជា។ ជាពិសេស គឺគោរពប្រតិបត្តិ តាមអភិក្រមរបស់សម្តេចតេជោ ឱ្យបានខ្ជាប់ខ្ជួន ដែលរួមមាន ”ឆ្លុះកញ្ចក់ ងូតទឹក ដុលក្អែល ព្យាបាល និងវះកាត់” ៕










