មន្ត្រីជាន់ខ្ពស់ CDC ស្នើភាគីចិនជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មន្ត្រីជាន់ខ្ពស់ CDC ស្នើភាគីចិនជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន


ភ្នំពេញ៖
នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយជាមួយគណៈប្រតិភូទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម Du Xiaogang លេខាបក្សទីក្រុងអ៊ូស៊ី ដោយមានការចូលរួមពីលោក Sun Wei អភិបាលរងទីក្រុងអ៊ូស៊ី និងលោក Chen Jiangang ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។


ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលឯកឧត្តម Du Xiaogang លេខាបក្សទីក្រុងអ៊ូស៊ី បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចកម្ពុជាដោយផ្ទាល់ក្នុងកាលៈទេសៈដ៏សមស្របបំផុត។


ឯកឧត្តមអគ្គលេខាធិការបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ប្រជាជនចិន និងថ្នាក់ដឹកនាំនៃទីក្រុងអ៊ូស៊ីដែលតែងតែខិតខំជំរុញ និងគាំទ្រវិនិយោគិនចិន ពិសេសវិនិយោគិនមកពីទីក្រុងអ៊ូស៊ីឱ្យមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា និយាយជារួម និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និយាយដោយឡែក។ 


ជាកិច្ចបន្ទាប់ ឯកឧត្តមអគ្គលេខាធិការបានលើកទ្បើងពីភាពល្អប្រសើរនៃស្ថានភាពវិនិយោគនៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គំហុកក្នុងឆ្នាំ២០២៤ និងកំណើនវិនិយោគក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា, ពិសេសភាពរីកចម្រើននៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ 


ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងពីសារៈសំខាន់នៃ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” ក្នុងការជំរុញទាក់ទាញការវិនិយោគ ហើយម្យ៉ាងទៀត រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ទំនិញនាំចេញពីកម្ពុជា និងដាក់ចេញនូវវិធានការថ្មីៗសំដៅសម្រួលដល់ការធ្វើធុរកិច្ចនិងវិនិយោគ។   


ឯកឧត្តមអគ្គលេខាធិការសង្ឃឹមយ៉ាងមុតមាំថា តាមរយៈជំនួបពិភាក្សាលើកនេះ ថ្នាក់ដឹកនាំរបស់ទីក្រុងអ៊ូស៊ីនឹងបន្តជំរុញវិនិយោគិនពីទីក្រុងអ៊ូស៊ី ជាពិសេសនាំយកនូវឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើបមកកម្ពុជា។ 


មួយវិញទៀត ឯកឧត្តមអគ្គលេខាធិការក៏បានស្នើសូមឱ្យភាគីចិនជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងបានស្នើឱ្យមានការគិតគូរវិនិយោគបង្កើតតំបន់កែច្នៃកសិផលនៅកម្ពុជា ដើម្បីនាំទៅទីផ្សារចិន។


ជាការឆ្លើយតប ឯកឧត្តម Du Xiaogang លេខាបក្សទីក្រុងអ៊ូស៊ី បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូ។ 


ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម Du Xiaogang បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែបានផ្តល់ការគាំទ្រដល់កិច្ចដំណើរការនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះមានការរីកចម្រើនជាបន្តបន្ទាប់។ 


ឯកឧត្តម Du Xiaogang បានឱ្យដឹងផងដែរថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺឆ្លើយតបនឹងស្មារតីនៃកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានប្រព្រឹត្តទៅកាលពីខែកក្កដា ឆ្នាំ២០២៥កន្លងមក និងដើម្បីបន្តកិច្ចការមួយចំនួនដែលបានពិភាក្សាគ្នាក្នុងកិច្ចប្រជុំនាពេលនោះ ជាពិសេស ការត្រៀមរៀបចំកិច្ចប្រជុំលើកទី៥ ដែលគ្រោងធ្វើនៅប្រទេសចិន។ 


ឯកឧត្តម Du Xiaogang ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងរបស់ថ្នាក់ដឹកនាំទីក្រុងអ៊ូស៊ីក្នុងការឧបត្ថម្ភគាំទ្រឱ្យមានជើងហោះហើរត្រង់ និងការដឹកជញ្ជូនត្រង់រវាងក្រុងអ៊ូស៊ី និងខេត្តព្រះសីហនុ ដែលការណ៍នេះបានចូលរួមចំណែកជំរុញការអភិវឌ្ឍខេត្តព្រះសីហនុទាំងមូល ក៏ដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ 


មុននឹងបញ្ចប់ ឯកឧត្តម Du Xiaogang បានបង្ហាញនូវការប្តេជ្ញាក្នុងការបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាន់តែមានការរីកចម្រើនមួយកម្រិតទៀតតាមរយៈការខិតខំជំរុញឱ្យវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគបន្ថែមទៀត ពិសេស ការវិនិយោគកែច្នៃកសិផលកម្ពុជា ដើម្បីនាំទៅទីផ្សារចិន។ 


ជាទីបញ្ចប់ឯកឧត្តម Du Xiaogang បានលើកឡើងនូវសំណូមពរមួយចំនួនសំដៅបន្តជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យកាន់តែរីកចម្រើន និងមានភាពទាក់ទាញបន្ថែមទៀត ៕













Previous Post Next Post