ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញដឹកនាំក្រុមការងារទទួលស្វាគមន៍ចំពោះក្រុមយុវជន «គីឡូម៉ែត្រដើម្បីខ្មែរ Charity Run 2025» ដែលដឹកនាំដោយ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងសំខាន់ក្នុងការស្វែងយល់ស៊ីជម្រៅអំពីរបៀបរបបរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក និងនាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ ដែលកំពុងឈរជើងបំពេញបេសកកម្មការ ពារបូរណភាពទឹកដីតាមតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
គួរបញ្ជាក់ថា ក្រុមយុវជន «គីឡូម៉ែត្រដើម្បីខ្មែរ Charity Run 2025» មិនត្រឹមតែមកប្រមូលរឿងរ៉ាវដើម្បីត្រៀមរៀបចំកម្មវិធីរត់សប្បុរសធម៌ប៉ុណ្ណោះទេ ប៉ុន្តែពួកគេមកដើម្បី រៀនសូត្រពីភាពអត់ធ្មត់ ការតស៊ូ ការស្រឡាញ់ជាតិ និងការព្យាយាមងើបឈរឡើងវិញរបស់បងប្អូនជនភៀសសឹក ដែលជាជនរងគ្រោះពីសង្រ្គាមឃ្លានពានរបស់ថៃមកលើកម្ពុជាផងដែរ ៕