ភ្នំពេញ៖ ឯកឧត្ដម ស៊្រី ថាមរុង្គ ទេសរដ្ឋមន្រ្ដី ទទួលបន្ទុកបេសកកម្មពិសេស សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
សារលិខិតគោរពជូនពររបស់ឯកឧត្ដម ស៊្រី ថាមរុង្គ មានខ្លឹមសារដូចតទៅ៖ «សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងឱកាសជ័យមង្គលដ៏ឧត្តុង្គឧត្តមនៃថ្ងៃខួបកំណើតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ នាពេលខាងមុខ ខ្ញុំបាទ និងភរិយា រួមនឹងសហការីទាំងអស់ សូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី វិបុលសុខ មហាប្រសើរគ្រប់ប្រការ និងសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន បញ្ញាញាណវាងវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តមគ្គុទេសក៍ដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ និងវិបុលភាព ប្រកបដោយភាពចម្រុងចម្រើនថ្កុំថ្កើនរុងរឿងតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទសូមសម្តែងនូវការតបស្នងគុណដ៏ក្រៃលែងជូនចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានលះបង់អស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតី ក្នុងការដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ សុខសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ឲ្យរីកចម្រើនឆ្ពោះទៅរកវឌ្ឍនភាពលើគ្រប់វិស័យ ក្នុងន័យបម្រើនូវឧត្តម ប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីលើកតម្កើងពិស្សុតភាពរបស់កម្ពុជា នៅក្នុងតំបន់ និងពិភពលោក។
ជាថ្មីម្តងទៀត ខ្ញុំបាទសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យ ជូន ចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចធិបតីនាយករដ្ឋមន្ត្រី មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ និងភក្ដីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា» ៕